(តេហេរ៉ង់)៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមាននៅថ្ងៃព្រហស្បតិ៍ ថា អ៊ីស្រាអែលនឹងទទួលបាន «ការឆ្លើយតបដ៏សាហាវ» ប្រសិនបើប្រទេសនេះបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់។ ការព្រមាននេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទូរទស្សន៍ CNN បានរាយការណ៍ពីព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក ដែលបង្ហាញថា អ៊ីស្រាអែលកំពុងរៀបចំវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Alimohammad Naini មេបញ្ជាការម្នាក់នៃកងឆ្មាំបដិវត្តន៍ បាននិយាយថា «ពួកគេ (អ៊ីស្រាអែល) កំពុងព្យាយាមបំភិតបំភ័យយើងជាមួយនឹងសង្គ្រាម ប៉ុន្តែកំពុងគណនាខុស ដោយសារពួកគេមិនបានដឹងអំពីការគាំទ្រដ៏ធំធេងពីប្រជាជន និងយោធា ដែលសាធារណរដ្ឋឥស្លាមអាចប្រមូលបានក្នុងលក្ខខណ្ឌសង្គ្រាម»

របាយការណ៍របស់ CNN ដោយដកស្រង់មន្ត្រីចារកម្មអាមេរិក បានបន្ថែមថា គេមិនទាន់ច្បាស់ទេថាតើមេដឹកនាំអ៊ីស្រាអែលបានធ្វើការសម្រេចចិត្តចុងក្រោយលើសកម្មភាពយោធាឬនៅ ហើយក៏មានការខ្វែងគំនិតគ្នានៅក្នុងរដ្ឋាភិបាលអាមេរិកផងដែរ ថាតើអ៊ីស្រាអែលនឹងសម្រេចចិត្តវាយប្រហារឬយ៉ាងណា។

អ្នកការទូតបានលើកឡើងថា ការដួលរលំនៃកិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៊ីរ៉ង់ ឬកិច្ចព្រមព្រៀងថ្មីណាមួយដែលមិនអាចបន្ធូរបន្ថយការព្រួយបារម្ភរបស់អ៊ីស្រាអែល អាចនឹងជំរុញឲ្យមានការវាយប្រហាររបស់អ៊ីស្រាអែល។ កាលពីថ្ងៃអង្គារ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានហៅការទាមទាររបស់អាមេរិកឲ្យអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមថា «ហួសហេតុ» ហើយបានបង្ហាញការសង្ស័យពីភាពជោគជ័យនៃកិច្ចចរចា។ អ៊ីរ៉ង់អះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល បានធ្វើការវាយប្រហារគ្នាទៅវិញទៅមកដោយផ្ទាល់នៅក្នុងខែមេសា និងតុលា ដែលបានបង្កើនហានិភ័យនៃជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ។ ការព្រមានចុងក្រោយនេះពីសំណាក់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបន្ថែមភាពតានតឹងដល់ស្ថានភាពដែលកំពុងតែផុយស្រួយស្រាប់ទៅហើយនៅមជ្ឈិមបូព៌ា៕