(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា រួមនឹងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានផ្លែឈើ និងថវិកាមួយចំនួន មកជូន លោកតា អ៊ុំ សាមិត្ត អាយុ ៨១ឆ្នាំ ជាសិល្បករជើងចាស់ ដែលមានជំងឺរលាកសួត និងបញ្ហាបេះដូង បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងយកចិត្តទុកដាក់ចំពោះសិល្បករជើងចាស់ ដែលពួកគាត់ជាអ្នកបានបន្សល់ទុកនូវស្នាដៃសិល្ប មេរៀន និងបទពិសោធន៍ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនោះ លោកតា អ៊ុំ សាមិត្ត និងភរិយាគាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសូមគោរពជូនពរ សម្តេច សូមបានប្រកបនូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។ ជាមួយគ្នានេះ លោកតា និងភរិយា ក៏សូមថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យដែលបានបំពេញកិច្ចការប្រកបដោយវិជ្ជាជីវៈទន់ភ្លន់ ស្រស់ស្រាយ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ហើយលោកតាសង្ឃឹមថានឹងបានជាសះស្បើយក្នុងពេលឆាប់ៗ នឹងបានបម្រើការងារវិស័យសិល្បនេះបន្តទៀត។
សូមបញ្ជាក់ថា លោកតា អុំ សាមិត្ត ជាសិល្បករជើងចាស់មួយរូបដ៏ល្បីតាំងពីទសវត្សទី ៦០ ដែលធ្លាប់បាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារជា នាដភក្តីនិម្មិត អ៊ុំ សាមិត្ត មរតកមនុស្សរស់ផ្នែកល្ខោនបាសាក់ ក្នុងចំនោមសាស្រ្តាចារ្យ ១៧រូប។ លោកតា មានជំងឺជាយូរឆ្នាំណាស់មកហើយ ហើយទោះបីយ៉ាងនេះក្តី គាត់នៅតែខិតខំប្រមែប្រមូលបទពិសោធន៍ដែលខ្លួនគាត់មាន ដើម្បីចែករំលែកចំណេះដឹងដល់សិស្សនៅតាមបណ្តាញស្ថានីយ៍ទូរទស្សន៍ ធ្វេីជាគណៈកម្មការផ្តល់ពិន្ទុ និងជាអ្នកណែនាំផ្នែកជំនាញល្ខោនបាសាក់ទៀតផង៕