(ហ្សាការតា)៖ គ្រោះរញ្ជួយដីក្នុងកំរិតបង្គួរ ៦.០រ៉ិចទ័រ បានវាយប្រហារមកលើខេត្ត Betan នៃភាគខាងលិចប្រទេស ឥណ្ឌូណេស៊ីនៅព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែមិនបានបង្កឱ្យមានការប្រកាសសញ្ញាអាសន្នពីរលកយក្សស៊ូណាមិនោះទេ។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រឥណ្ឌូណេស៊ី ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រភពដដែលបានឱ្យដឹងទៀតថា គ្រោះរញ្ជួយដីនេះមានចំណុចរញ្ជួយពីជម្រៅ ២៧១ គីឡូម៉ែត្រទៅក្នុងដី ស្ថិតនៅភាគអាគ្នេយ៍ខេត្ត Labak និង ១០ គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ។ ដោយឡែកបើតាមទីភ្នាក់ងារភូមិសាស្ត្រអាមេរិក USGS គ្រោះរញ្ជួយដីនេះមានកំរិត ៥.៦ រ៉ិចទ័រប៉ុណ្ណោះ ហើយគេក៏មិនបានប្រកាសអាសន្នពី រលកយក្សស៊ូណាមិនោះដែរ។ នេះបើតាមសម្តីរបស់មន្រ្តីនៃទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រឥណ្ឌូណេស៊ី។
គួររំលឹកថាឥណ្ឌូណេស៊ីជាប្រទេសមួយងាយរងគ្រោះដោយសារគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងដោយសារ សណ្ឋានដីប្រទេសក្នុងតំបន់អាស៊ីគ្នេយ៍មួយនេះ ស្ថិតនៅលើខែ្សក្រវ៉ាត់ភ្នំភ្លើងនៃតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលងាយនឹងរកគ្រោះធម្មតាជាតិនានា ដូចជារញ្ជួយដី បន្ទុះភ្នំភ្លើង និងព្យុះជាដើម៕