(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្វាគមន៍ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ជាមួយនិងភាពតឹងតែងដាក់គ្នា ជុំវិញបញ្ហាពូជសាសន៍អាហ្វ្រិកស្បែកស និងកម្មសិទ្ធិដីធ្លី ដែលបានធ្វើឱ្យគេនឹកឃើញដល់ពេលដែល ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មកកាន់សេតវិមាន កាលពីខែកុម្ភៈ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ ២០២៥។
លោក Ramaphosa បានទៅដល់សហរដ្ឋអាមេរិក ក្នុងបំណងពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម។ សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតទីពីរ របស់អាហ្រ្វិកខាងត្បូង ហើយប្រទេសនេះកំពុងប្រឈមមុខនឹងការយកពន្ធបដិការ ៣០ភាគរយ ដែលបច្ចុប្បន្នផ្អាកអនុវត្តរយៈពេល ៩០ថ្ងៃ។ ប៉ុន្តែនៅពេលទៅដល់ការិយាល័យរាងពងក្រពើ លោក ត្រាំ បានប្រាប់ឱ្យគេបិទភ្លើង រួចចាក់បញ្ចាំងវីដេអូបង្ហាញរូបឈើឆ្កាងពណ៌ស ដែលលោកថាជាតំណាងឱ្យផ្នូររបស់មនុស្សស្បែកស។ វីដេអូនោះផលិតឡើង កាលពីឆ្នាំ ២០២០ អំឡុងពេលមានតវ៉ា ដោយសារតែមនុស្សពីរនាក់ត្រូវបានសម្លាប់ នៅក្នុងកសិដ្ឋានរបស់ពួកគេ។
លោក ត្រាំ បញ្ជាក់ថា «មានមនុស្សជាច្រើន ដែលយើងមានអារម្មណ៍ថា ពួកគេត្រូវបានគេធ្វើទុក្ខបុកម្នេញ ហើយពួកគេកំពុងមកសហរដ្ឋអាមេរិក។ ដូច្នេះយើងទទួលពួកគេពីទីតាំងជាច្រើន ប្រសិនបើយើងមានអារម្មណ៍ថា មានការបៀតបៀន ឬអំពើប្រល័យពូជសាសន៍កើតឡើង ដោយបន្ថែមថា លោកចង់សំដៅជាពិសេស ទៅលើកសិករស្បែកស»។
លោក Ramaphosa ដែលអង្គុយលើកៅអីក្បែរ លោក ត្រាំ បានឆ្លើយតបដោយមាំមួនថា «ប្រសិនបើមានការប្រល័យពូជសាសន៍កសិករ Afrikaner នោះខ្ញុំអាចភ្នាល់ជាមួយអ្នក (លោក ត្រាំ) បាន ហើយសុភាពបុរសទាំង ៣នាក់នេះ មិនអាចមកអង្គុយទីនេះបានឡើយ»។ សុភាពបុរស ៣នាក់នោះ គឺសំដៅលើកីឡាករវាយកូនហ្គោល Ernie Els និង Retief Goosen និងមហាសេដ្ឋី Johann Rupert ស្បែកស ដែលមានវត្តមាននៅឯ Oval office ជាមួយលោក Ramaphosa។
គួរបញ្ជាក់ថា លោក Ramaphosa សង្ឃឹមថានឹងប្រើប្រាស់ជំនួបជាមួយលោក ត្រាំ កាលពីថ្ងៃពុធ ដើម្បីកំណត់ទំនាក់ទំនងរវាងអាហ្វ្រិកខាងត្បូង ជាមួយសហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីលោក ត្រាំ លុបចោលជំនួយសម្រាប់អាហ្វ្រិកខាងត្បូង ដោយសារតែបញ្ហាកម្មសិទ្ធិដីធ្លីសម្រាប់ជនជាតិស្បែកស ការបណ្តេញឯកអគ្គរដ្ឋទូត និងសំណុំរឿងប្រឆាំងនឹងអ៉ីស្រាអែលនៅតុលាការ ICJ៕