(ព្យុងយ៉ាង)៖ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ឧបទ្វវហេតុធ្ងន់ធ្ងរមួយបានកើតមានឡើង អំឡុងពិធីដាក់សម្ពោធនាវាចម្បាំងថ្មី ជាហេតុនាំឱ្យមេដឹកនាំកំពូល លោក គីម ជុងអ៊ុន ដែលមានវត្តមានផ្ទាល់ក្នុងពិធីនោះ ខឹងសម្បារជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
KCNA បាននិយាយថា ឧបទ្ទវហេតុនោះបានកើតឡើង អំឡុងពិធីសម្ពោធនាវាចម្បាំង destroyer ថ្មីមួយទម្ងន់៥០០០តោន នៅឯទីក្រុងកំពង់ផែ Chongjin ភាគខាងកើតប្រទេស កាលពីថ្ងៃពុធសប្តាហ៍នេះ។ បើ KCNA ពេលដែលកំពុងរំកិលនាវាចូលទៅផ្ទៃទឹក បញ្ហាបានកើតឡើង ហើយធ្វើឱ្យផ្នែកមួយខ្លះនៃបាតរបស់នាវា រងការប៉ះទង្គិចនិងខូចខាត ដែលប្រការនេះបណ្តាលឱ្យខូចតុល្យភាពរបស់នាវា។
លោក គីម ដែលបានអញ្ជើញជាអធិបតីភាពក្នុងពិធីខាងលើ បានមើលឃើញដំណើរឧបទ្ទវហេតុនោះទាំងស្រុង ហើយបានប្រកាសចាត់ទុកវា ស្មើនឹងបទល្មើសព្រហ្មទណ្ឌ ដែលបង្កឡើងដោយភាពធ្វេសប្រហែសសុទ្ធសាធ។ លោក គីម បានព្រមានទាំងកំហឹងថា កំហុសឆ្គងនេះនឹងមិនត្រូវលើកលែងឱ្យជាដាច់ខាត ហើយមន្រ្តីទាំងឡាយដែលជាអ្នកទទួលខុសត្រូវ នឹងប្រឈមមុខជាមួយវិធានការ អំឡុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្ស នាខែក្រោយ។
គួរបញ្ជាក់ថា នាវាចម្បាំងខាងលើនាពេលនេះ ត្រូវបានដាក់ទៅដល់ក្នុងទឹក ក៏ប៉ុន្តែដោយសារខូចលំនឹងបាត់ទៅហើយនោះ វាកំពុងស្ថិតលើផ្ទៃទឹក ទាំងក្នុងលក្ខណៈផ្អៀងតួខ្លួនមួយចំហៀង។ បើតាមយោងតាមទំហំ នាវានោះគឺជាស៊េរីដូចគ្នាទៅនឹង នាវាចម្បាំង destroyer ថ្មី ១គ្រឿងដំបូង មានថ្នាក់ហៅថា Choe Hyon ដែលកូរ៉េខាងជើង ដាក់សម្ពោធនិងបង្ហាញជាសាធារណៈ កាលពីខែមេសា៕