(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បានសម្រេចដកការតែងតាំងនាយករដ្ឋមន្ត្រីថ្មី ដែលទើបបានប្រកាសកាលពីសប្តាហ៍មុននោះហើយ ខណៈការសម្រេចជាឯកតោភាគីនេះត្រូវបានគេមើលឃើញថា លោកស្រីទំនងជាចង់ឲ្យវិបត្តិនយោបាយដែលបង្កឡើងដោយរឿងអាស្រូវដ៏ខ្មៅងងឹតនោះ មានសភាពធូរស្រាលបន្តិចវិញ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
អំឡុងពេលបង្ហាញវត្តមាននៅក្នុងរដ្ឋសភាជាតិនៅថ្ងៃអង្គារនេះ លោកស្រី ផាក គឺនហេ បានថ្លែងទៅកាន់ប្រធានរដ្ឋសភាជាតិលោក Chung Sye-kyun ថាលោកស្រីចង់ឲ្យស្ថាប័នច្បាប់ របស់ជាតិមួយនេះ ធ្វើការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីថ្មីដើម្បីគ្រប់គ្រងគណរដ្ឋមន្ត្រី ហើយដែលចំណាត់ការនេះគឺ លោកស្រីធ្វើតាមការចង់បានរបស់ គណបក្សប្រឆាំងដែលកំពុងតែដើរតួយ៉ាងសំខាន់ ក្នុងការដុតរោលអ្នកតវ៉ាក្នុងប្រទេសឲ្យប្រឆាំង នឹងលោកស្រី។
លោកស្រី ផាក បានសង្កត់ធ្ងន់នាឱកាសនោះទៀតថា «ខ្ញុំមកជួបប្រធានរដ្ឋសភាពេលនេះ គឺជាការបង្ហាញនូវទំនួលខុសត្រូវរបស់ខ្ញុំដើម្បីសម្រួលឲ្យកិច្ចការរដ្ឋវិលទៅរក ស្ថានភាពធម្មតាវិញ។ ប្រសិនបើរដ្ឋសភាណែនាំបេក្ខភាព នាយករដ្ឋមន្ត្រីណាមួយមកកាន់ខ្ញុំនោះ ខ្ញុំនឹងតែងតាំងគាត់ជាផ្លូវការនិងឲ្យដឹកនាំគណរដ្ឋមន្ត្រីតែម្តង»។
គួរបញ្ជាក់ថាកាលពីសប្តាហ៍មុន លោកស្រី ផាក បានសម្រេចជ្រើសរើសលោក Kim Byong-joon ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីការរុះរើគណរដ្ឋមន្ត្រីរួចរាល់ ប៉ុន្តែប្រធានទីប្រឹក្សានយោបាយរបស់អតីតប្រធានាធិបតីលោក Roh Moo-hyun រូបនេះនៅតែមិនអាចធ្វើឲ្យស្ថានការណ៍ស្ងប់ស្ងាត់នោះឡើយ ទើបលោកស្រី ផាក សម្រេចធ្វើការសម្រេចចិត្តដោយផ្តល់សិទ្ធិអំណាច នៃការរើសនាយករដ្ឋមន្ត្រីនេះទៅដល់សភាវិញ៕