(អ៊ីស្លាម៉ាបាដ)៖ យ៉ាងហោចណាស់កុមារបីនាក់ស្ថិតក្នុងចំណោមមនុស្សប្រាំនាក់ដែលត្រូវបានសម្លាប់ នៅថ្ងៃពុធ ទី២១ ខែឧសភា នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានវាយប្រហាររថយន្តក្រុងរបស់សាលា ដែលគ្រប់គ្រងដោយកងទ័ពមួយនៅក្នុងខេត្ត Balochistan របស់ប្រទេសប៉ាគីស្ថាន។ នេះគឺជាការវាយប្រហារមួយដែលអាជ្ញាធរប៉ាគីស្ថានបានចោទប្រកាន់ភ្លាមៗ ទៅលើ «ភ្នាក់ងារឥណ្ឌា»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Yasir Iqbal អ្នកគ្រប់គ្រងស្រុក Khuzdar ជាកន្លែងកើតហេតុ បាននិយាយថា មានសិស្សប្រហែល ៤០នាក់នៅលើរថយន្តក្រុង ហើយជាច្រើននាក់បានរងរបួស។ យោធាប៉ាគីស្ថាន និងនាយករដ្ឋមន្ត្រី លោក Shehbaz Sharif បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងចោទប្រកាន់ «ភេរវករដែលគាំទ្រដោយឥណ្ឌា» ថាជាអ្នកនៅពីក្រោយ ដោយសន្យាថានឹងតាមចាប់អ្នករៀបចំផែនការ និងអ្នកប្រតិបត្តិឲ្យខាងតែបាន ទោះបីមិនបានបង្ហាញភស្តុតាងភ្ជាប់ទៅទីក្រុងញូវដេលីក៏ដោយ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានច្រានចោលការចោទប្រកាន់នេះ។ លោកបានថ្លែងថា «ដើម្បីបង្វែរការយកចិត្តទុកដាក់ពីកេរ្តិ៍ឈ្មោះរបស់ខ្លួនថា ជាចំណុចកណ្តាលនៃអំពើភេរវកម្ម... វាបានក្លាយជាទម្លាប់សម្រាប់ប៉ាគីស្ថាន ក្នុងការស្តីបន្ទោសឥណ្ឌាចំពោះបញ្ហាផ្ទៃក្នុងទាំងអស់»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរដែលមានអាវុធនុយក្លេអ៊ែរ បានតានតឹងជាច្រើនទសវត្សរ៍មកហើយ ដោយមានការចោទប្រកាន់គ្នាទៅវិញទៅមកពីការគាំទ្រចលនាសកម្មប្រយុទ្ធ ដែលភាគីទាំងពីរបានបដិសេធ។ ការកើនឡើងភាពតានតឹងផ្នែកយោធាចុងក្រោយនេះ កើតឡើងបន្ទាប់ពីឥណ្ឌាបានចោទប៉ាគីស្ថានថាបានគាំទ្រការវាយប្រហារលើភ្ញៀវទេសចរនៅតំបន់កាស្មៀរ ដែលជាការចោទប្រកាន់ប៉ាគីស្ថានបានច្រានចោល៕