Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ បង្ហាញផែនការអភិវឌ្ឍខែលការពារមីស៉ីល Golden Dome សម្រាប់សហរដ្ឋអាមេរិក (Video inside)

21-05-2025 14:16

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី២០ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញព័ត៌មានថ្មីអំពីផែនការរបស់លោក ក្នុងការអភិវឌ្ឍប្រព័ន្ធខែលមីស៉ីលហៅថា Golden Dome ដើម្បីការពារសហរដ្ឋអាមេរិកពីការវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានប្រកាសកញ្ចប់ថវិកាដំបូង ចំនួន២៥ពាន់លានដុល្លារ សម្រាប់គម្រោងខាងលើ ដែលលោកនិយាយថា អាចនឹងប្រើប្រាស់ថវិកា​សរុបប្រហែល ១៧៥ពាន់លានដុល្លារ ហើយអាចនឹងចាប់ផ្តើមធ្វើប្រតិបត្តិការបាន ក្នុងរយៈពេលប្រមាណ៣ឆ្នាំ។ លោក ត្រាំ បានអះអាងថា នៅពេលអភិវឌ្ឍរួចរាល់ ប្រព័ន្ធ Golden Dome នឹងមានសមត្ថភាពស្ទាក់មីស៉ីល ទោះបីជាពួកវាបាញ់ចេញមកពី​ចំហៀងខាងទៀតនៃពិភពលោក ឬក៏សូម្បីបាញ់ចេញពីទីអវកាសក៏ដោយ។

បើតាមលោក ត្រាំ មេបញ្ជាការកងកម្លាំងអវកាសអាមេរិក លោកឧត្តមសេនីយ៍ Michael Guetlein នឹងទទួលបន្ទុកដឹកនាំ​កិច្ចប្រឹងប្រែងនេះ ហើយប្រទេសកាណាដា ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមផងដែរ។ ស្របពេលដែលលោក ត្រាំ បានវាយតម្លៃថា ការចំណាយសរុបនៃគម្រោងនេះ គឺខ្ទង់១៧៥ពាន់លានដុល្លារ ការិយាល័យថវិកាសភា CBO បានប៉ាន់ស្មានថា គ្រាន់តែការចំណាយលើឧបករណ៍បាញ់ស្ទាក់បំពាក់នៅទីអវកាស ដើម្បីទប់ទល់មីស៉ីលបាលិស្ទីគ ICBM មួយចំនួន នឹងទាមទារ​ចន្លោះពី១៦១ពាន់លានដុល្លារ ដល់៤៥២ពាន់លានដុល្លារ អំឡុងរយៈពេល២០ឆ្នាំ។ បើតាមលោក ត្រាំ ប្រព័ន្ធនេះនឹងដាក់ពង្រាយទាំងនៅលើដីគោក ផ្ទៃទឹក និងទីអវកាស។

រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា ប្រព័ន្ធ Golden Dome មានគោលដៅការពារសហរដ្ឋអាមេរិក ពីការវាយប្រហាររបស់មីស៉ីលគ្រូស មីស៉ីលបាលិស្ទីគ មីស៉ីលល្បឿនលឿនជាងសំឡេង និងយន្តហោះដ្រូន ហើយមិនថាពួកវាបំពាក់ក្បាលគ្រាប់ធម្មតា ឬក៏ក្បាលគ្រាប់នុយក្លេអ៊ែរនោះទេ។ ឈ្មោះ Golden Dome នេះ គឺផ្តើមចេញមកពី ប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៉ីស្រាអែល ដែលបានទប់ស្កាត់រ៉ុក្កែតរយៈចម្ងាយខ្លី និងអាវុធផ្សេងៗទៀតរាប់ពាន់គ្រាប់ ចាប់តាំងពីវាចាប់ផ្តើមធ្វើប្រតិបត្តិការ កាលពីឆ្នាំ២០១១។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកប្រឈមមុខជាមួយការគំរាមកំហែងមីស៉ីលចម្រុះប្រភេទ ពីសំណាក់គូបដិបក្ខ ប៉ុន្តែពួកវាទាំងនោះ មានភាពខុសគ្នាយ៉ាងខ្លាំង ពីអាវុធរយៈចម្ងាយខ្លីដែលប្រព័ន្ធ Iron Dome របស់អ៉ីស្រាអែល ត្រូវបានរចនាឡើងដើម្បីទប់ទល់។ របាយការណ៍ Missile Defense Review ឆ្នាំ២០២២ របស់អាមេរិក បានគូសរំលេចជាពិសេស អំពីការគំរាមកំហែងកើនឡើង ពីសំណាក់រុស្ស៉ីនិងចិន៕