(ព្រុចសែល)៖ កាលពីថ្ងៃអង្គារ ទី២០ ខែឧសភា រដ្ឋមន្រ្តីគារពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានចោទប្រកាន់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ថា តាមពិតគ្មានចំណាប់អារម្មណ៍ចង់បានសន្តិភាពនៅអ៊ុយក្រែនឡើយ ពោលគឺលោក ពូទីន គ្រាន់តែចង់អូសបន្លាយវេលាប៉ុណ្ណោះ ក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងមុនកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិនិងការបរទេសរបស់សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល លោក Pistorius បាននិយាយថា «ពួកយើងបានមើលឃើញការវាយប្រហារខ្លាំងៗជាថ្មីម្តងទៀត នៅប៉ុន្មានថ្ងៃចុងក្រោយ ខណៈសកម្មភាពទាំងនេះ បង្ហាញចេញច្បាស់ជាងពាក្យសម្តីពាក់ព័ន្ធដំណើរការស្វែងរកសន្តិភាព ដែលយើងទាំងអស់គ្នាបានលឺអស់រយៈពេលជាយូរមកហើយ។ វាច្បាស់ណាស់ថា លោក ពូទីន កំពុងតែព្យាយាមអូសបន្លាយពេលវេលា... គួរឱ្យសោកស្តាយដែលយើងចាំបាច់ត្រូវនិយាយចេញមកថា លោក ពូទីន តាមពិតគ្មានបំណងចង់ឱ្យមានសន្តិភាពឡើយ»។ លោករដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានបន្ថែមថា អឺរ៉ុបចាំបាច់ត្រូវបង្កើនសម្ពាធលើរុស្ស៉ី តាមរយៈការដាក់ទណ្ឌកម្មថ្មីបន្ថែម ជាពិសេសទៅលើការលក់ថាមពលរបស់រុស្ស៉ី។
គួរបញ្ជាក់ថា រុស្ស៉ីនិងអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការចរចាបទឈប់បាញ់ បន្ទាប់ពីលោក ពូទីន បាននិយាយ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមទូរសព្ទកាលពីថ្ងៃចន្ទសប្តាហ៍នេះ ប៉ុន្តែលោកប្រធានាធិបតីរុស្ស៉ីបញ្ជាក់ថា ដំណើរការនោះនឹងទាមទារប្រើពេលយូរ។ ក្រោយលោក ត្រាំ ប្រាប់អំពីខ្លឹមសារនៃកិច្ចសន្ទនាជាមួយ ពូទីន ឱ្យពួកគេបានដឹង ក្រុមមេដឹកនាំអឺរ៉ុបបានឯកភាពគ្នាថា នឹងបង្កើនសម្ពាធលើរុស្ស៉ីតាមរយៈការដាក់ទណ្ឌកម្មបន្ថែម៕