(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសន្យាចាត់វិធានការគាំទ្របន្ថែមទៀត សម្រាប់ឧស្សាហកម្មនាំចេញសំខាន់ៗ រួមទាំងវិស័យថ្នាំពេទ្យ និងរថយន្ត ដែលអាចប្រឈមផលប៉ះពាល់ពីពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ ២០២៥។
ចាប់តាំងពីលោក ត្រាំ ដាក់ពន្ធលើផលិតផលផ្សេងៗ និងប្រកាសពន្ធ ២៥ភាគរយលើកូរ៉េខាងត្បូង ទីក្រុងសេអ៊ូល បានរៀបចំកញ្ចប់ជំនួយមួយចំនួនរួចមកហើយ សម្រាប់វិស័យរថយន្ត បន្ទះឈីប សហគ្រាស-ក្រុមហ៊ុននាំចេញខ្នាតតូច និងមធ្យម។ តាមរដ្ឋមន្រ្តីហិរញ្ញវត្ថុស្តីទី លោក Kim Beom-seok រដ្ឋាភិបាលមានផែនការត្រៀមទុកជាមុនលើមុខទំនិញជាក់លាក់ ដូចជាផលិតផលឱសថ semiconductors និងពង្រឹងការគាំទ្រសម្រាប់ការវិនិយោគផ្នែកហរិញ្ញវត្ថុ។ រដ្ឋាភិបាលក៏នឹងគាំទ្រដល់ក្រុមហ៊ុនជីវឱសថ របស់កូរ៉េខាងត្បូងភ្លាមៗផងដែរ ប្រសិនបើលោក ត្រាំ ដាក់ពន្ធគយលើវិស័យនេះមួយមុខទៀត។
គួរបញ្ជាក់ថា កាលពីដើមខែឧសភា លោក ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីលើកទឹកចិត្តដល់ការផលិតឱសថនៅក្នុងសហរដ្ឋអាមេរិក និងកំពុងបញ្ជាឱ្យក្រុមមន្រ្តី ស៉ើអង្កេតលើការនាំចូលឱសថដើម្បីយកពន្ធ៕