(តេហេរ៉ង់)៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានហៅការទាមទាររបស់សហរដ្ឋអាមេរិក ដែលឲ្យទីក្រុងតេអេរ៉ង់បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថាជា «រឿងហួសហេតុ និងគួរឲ្យខឹងសម្បារ» ហើយបានសម្តែងការងឿងឆ្ងល់ថាតើកិច្ចចរចានុយក្លេអ៊ែរដែលកំពុងបន្ត នឹងនាំទៅរកកិច្ចព្រមព្រៀងដែរឬយ៉ាងណា។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ ដែលរាយការណ៍នៅថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥។
លោក Khamenei បានមានប្រសាសន៍ថា «ខ្ញុំមិនគិតថាកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនឹងនាំមកនូវលទ្ធផលនោះទេ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងទេ»។ លោកបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការទាមទារដ៏ហួសចិត្តនេះ។ ការអត្ថាធិប្បាយនេះ ធ្វើឡើងខណៈកិច្ចចរចានុយក្លេអ៊ែរកំពុងស្ថិតក្នុងភាពរង្គោះរង្គើ ទោះបីជាមានការរំពឹងទុកថា នឹងមានកិច្ចចរចាជុំទីប្រាំនៅទីក្រុងរ៉ូមចុងសប្តាហ៍នេះក៏ដោយ។
កាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Majid Takht-Ravanchi បានព្រមានថា កិច្ចពិភាក្សានឹងបរាជ័យ ប្រសិនបើអាមេរិកនៅតែទទូចឲ្យអ៊ីរ៉ង់បោះបង់ការចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងស្រុក ដែលអាមេរិកបារម្ភថាអាចជាផ្លូវទៅកាន់ការផលិតគ្រាប់បែកនុយក្លេអ៊ែរ។ ទីក្រុងតេអេរ៉ង់អះអាងថា កម្មវិធីរបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពទាំងស្រុង។
ទន្ទឹមនឹងនេះ នៅព្រឹកថ្ងៃអង្គារ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ម្នាក់ទៀត លោក Kazem Gharibabadi បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់បានទទួល និងកំពុងពិនិត្យមើលសំណើមួយពីសហរដ្ឋអាមេរិក។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់ចាំបាច់ត្រូវ «ចាត់វិធានការលឿន បើមិនដូច្នេះទេ អ្វីដែលអាក្រក់នឹងកើតឡើង»។
គួរបញ្ជាក់ថា ក្នុងអាណត្តិទីមួយរបស់លោក លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ (JCPOA) រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដែលកិច្ចព្រមព្រៀងនោះបានដាក់កំហិតលើសកម្មភាពចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ លោក ត្រាំ ក៏បានដាក់ទណ្ឌកម្មរបស់អាមេរិកឡើងវិញលើអ៊ីរ៉ង់ ដែលនាំឲ្យអ៊ីរ៉ង់ឆ្លើយតបដោយការបង្កើនកម្រិតចម្រាញ់អ៊ុយរ៉ាញ៉ូម៕