(ភ្នំពេញ)៖ គិតមកដល់ឆ្នាំ២០២៥នេះភាគីកម្ពុជា និងចិនបានរួមគ្នាធ្វើសមយុទ្ធនាគមាសបានចំនួន៧លើកហើយ ខណៈដែលសមយុទ្ធនាគមាសឆ្នាំនេះបាននឹងកំពុងតែធ្វើចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ខែឧសភា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌។
ថ្លែងក្នុងពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៥ កាលពីថ្ងៃទី១៧ ខែឧសភានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទលើកឡើងថា សមយុទ្ធនេះ ពិតជាផ្តល់នូវសារ:សំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ពទាំងពីរប្រទេស ដូចជាការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក បង្កើនការយល់ដឹងពីការបញ្ជាចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ។
«សមយុទ្ធនាគមាស-២០២៥ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ ទៅវិញទៅមក បម្រើឱ្យការកសាង សហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរបទពិសោធ រវាងកងទ័ពទាំងពីរ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា សម្របសម្រួល កិច្ចសហការចម្រុះនិងបន្តនិរន្តរភាព ក្នុងគោលបំណងរួមគ្នាថែរក្សា សន្តិភាពតំបន់ដ៏ល្អប្រសើរ លើកកម្ពស់សមត្ថភាព និងលទ្ធភាពប្រយុទ្ធជាក់ស្តែងនៃកងទ័ពទាំងពីរកម្ពុជា-ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម សង្គ្រោះគ្រោះមហន្តរាយ និងលើកកម្ពស់កេរ្តិ៍ឈ្មោះ នៃសមយុទ្ធនាគមាស នៅក្នុងវេទិកាតំបន់និងអន្តរជាតិ»។
ឯកឧត្ដមឧត្ដមសេនីយ៍ឯក វង្ស ពិសេន វាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលចិន និងកងទ័ពរំដោះប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាជាច្រើនដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍនឱ្យកាន់តែរីកចម្រើន ដល់សព្វថ្ងៃនេះ ឱ្យស្របទៅនឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពយើងទាំងពីរកម្ពុជាចិន កាន់តែរីកចម្រើននិងស៊ីជម្រៅជាលំដាប់ ។ ជាមួយគ្នានេះ ចិនបានជួយពង្រឹងសមត្ថភាពកងកម្លាំងកម្ពុជា ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការកសាងសាលាហ្វឹកហ្វឺន ការបណ្ដុះបណ្ដាលធនធានមនុស្សទាំងក្នុង និងក្រៅប្រទេស ពិសេសសមយុទ្ធរួមគ្នាកន្លងមកធ្វើឱ្យមាន ការផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើនបាននូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ទោ លី ក្វាងយុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន បានមានប្រសាសន៍ថា សមយុទ្ធនេះ គឺជាការអនុវត្តន៍ នូវសេចក្តីថ្លែងការណ៍រួមមួយរបស់កម្ពុជា និងចិនស្តីពីការកសាង សហគមន៍ជោគវាសនារួមចិន និងកម្ពុជា គ្រប់រដូវការលក្នុងយុគសម័យថ្មី ព្រមទាំងអនុវត្តន៍គំនិតផ្តូចផ្តើមនានារបស់ចិន។ តាមរយៈសមយុទ្ធនាគមាសនេះ បានជំរុញឱ្យទំនាក់ទំនងប្រទេសយើងទាំងពីរ កាន់តែរឹងមាំថែមទៀតក្នុងការចូលរួមចំណែក ថែរក្សាសន្តិសុខក្នុងតំបន់ និងសកលលោក។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន មានប្រសាសន៍ថា សច្ចភាពសមយុទ្ធ រវាងកម្ពុជានិងចិន មិនគ្រាន់តែជាការ បង្ហាញពីការទូតសន្តិភាព រវាងប្រទេសទាំងពីរ ប៉ុណ្ណោះទេ ថែមទាំងជា ការធ្វើទំនើបកម្មវិស័យការពារជាតិ ក្នុងការពង្រឹងសមត្ថភាពកងទ័ព រវាងប្រទេសទាំងពីរ ដែលតែងមានភក្តីភាព គាំទ្រដល់បុព្វហេតុរួម របស់មនុស្សជាតិ ក្នុងការរួមចំណែកថែរក្សាសន្តិភាព ពង្រឹងសណ្តាប់ធ្នាប់សកល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការពហុភាគីនិយម ស្របតាមខ្លឹមសារ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្រមច្បាប់អន្តរជាតិនានា ដែលធានា ការពារអធិបតេយ្យភាព បូរណភាព និងសមភាពសកល។ «ជាក់ស្តែង ក្នុងឆ្នាំ២០២៥នេះ កងទ័ពប្រទេសយើងទាំងពីរ នឹងរួមគ្នារៀបចំលំហាត់យោធា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម រួមគ្នា និង ការងារសង្គ្រោះមនុស្សធម៌»។
លោកបណ្ឌិត កៅ មុយថងអ្នកវិភាគសង្គម បានប្រាប់ឲ្យដឹងថា ពិតជាជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសយើងទាំងពីរ ការពង្រឹងវិស័យការពារជាតិ៖ «សម្រាប់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ យើងឃើញថា កាន់តែមានល្អប្រសើរ ជាលំដាប់ តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចគ្នា ទៅវិញទៅមក ដើម្បីរក្សាប្រពៃណីមិត្តភាពរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន។ ជាក់ស្តែង ការធ្វើសមយុទ្ធនាគមាស គឺពិតជាមាន សារៈសំខាន់ក្នុងការធ្វើឲ្យ ខ.ភ.ម. មានជំនាញច្បាស់លាស់ និងមានមូលដ្ឋានសំខាន់ ក្នុងការពង្រឹងសមត្ថភាព វិស័យការពារជាតិរបស់ប្រទេសកម្ពុជា។ ខ្ញុំមានជំនឿថា ជាអ្នកដឹកនាំបន្តវេននៃកងទ័ពយើងទាំងពីរ កម្ពុជា ចិន នឹងបន្តដឹកនាំ រឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកាន់តែស្អិតរមួតដើម្បពង្រឹងខឿនការពារជាតិកម្ពុជាយើង»។
របាយការណ៍ក្រសួងការពារជាតិបានឱ្យដឹងថា កងកម្លាំងចូលរួម ទាំងភាគីកម្ពុជានិងចិន មានប្រមាណជាង២ពាន់នាក់។ ដោយឡែក សព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធ ខាងភាគីកម្ពុជា ប្រើប្រាស់រួមមាន កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្រ្គោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។ ចំណែកឯ ភាគីចិន ប្រើប្រាស់កាំភ្លើងធំប្រតិបត្តិលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវាក់ រថយន្តដឹកនាំបញ្ជាC5 គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុន-ស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវមួយចំនួនជាដើម៕
(ដោយលោក វឌ្ឍនា វិទ្យុមិត្តភាពកម្ពុជាចិន)