(ហ្កាហ្សា)៖ នៅថ្ងៃអង្គារ ទី២០ ខែឧសភា អាជ្ញាធរនៅតំបន់ហ្កាហ្សា បានអះអាងថា ការវាយប្រហារថ្មីចុងក្រោយរបស់អ៉ីស្រាអែល បានផ្តាច់ជីវិតមនុស្សយ៉ាងហោច៤៤នាក់ នៅទូទាំងដែនដីប៉ាឡេស្ទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

តួលេខអ្នកស្លាប់ថ្មីខាងលើ គឺគិតចាប់ពីម៉ោង១៖០០នាទីរំលងអធ្រាត្រ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមាន៨នាក់ បានស្លាប់ ក្នុងការវាយប្រហារចំលើសាលារៀន ដែលជាជម្រកអ្នករត់ភៀសខ្លួន ក្នុងទីក្រុងហ្កាហ្សា, ១២នាក់ស្លាប់ ក្នុងការវាយប្រហារចំលើផ្ទះមួយខ្នង​ នៅតំបន់ Deir el-Balah ភាគកណ្តាលហ្កាហ្សា, ១៥នាក់ស្លាប់ ក្នុងការវាយប្រហារចំស្ថានីយឥន្ធនៈ ក្បែរជំរំជនភៀសខ្លួន Nuseirat និង៩នាក់ទៀតស្លាប់ ក្នុងការវាយប្រហារចំលំនៅដ្ឋាន ក្នុងជំរំ Jabalia។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានពង្រីកប្រតិបត្តិការវាយលុកនៅហ្កាហ្សា ចាប់តាំងពីចុងសប្តាហ៍មុន ក្រោមគោលដៅបោសសម្អាត​ក្រុមហាម៉ាស។ កាលពីថ្ងៃចន្ទ អាជ្ញាធរនៅហ្កាហ្សា បានអះអាងថា មនុស្ស៩១នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់​អ៉ីស្រាអែល។ ក្នុងថ្ងៃដដែលនោះ ក្រសួងសុខាភិបាលហ្កាហ្សា បានឱ្យដឹងថា មានមនុស្សសរុបយ៉ាងហោច ៣៣៤០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីអ៉ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា ធ្វើឱ្យតួលេខអ្នកស្លាប់​សរុប ក្នុងសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសនៅហ្កាហ្សា កើនដល់៥៣ ៤៨៦នាក់៕