(ហ្សឺណែវ)៖ កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភា បណ្តារដ្ឋដែលជាសមាជិកនៅក្នុងអង្គការសុខភាពពិភពលោក WHO បានបដិសេធ​សំណើអញ្ជើញតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុងហ្សឺណែវ បន្ទាប់ពីចិនបានសម្តែងការជំទាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រទេសដែនកោះ បេលី (Belize) ព្រមទាំងសាំងវីនសិននិងគ្រីណាឌីន (Saint Vincent and the Grenadines) ដែលស្ថិត​ក្នុងចំណោមប្រទេសសរុបត្រឹម១២ប៉ុណ្ណោះ ដែលបន្តមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ បានធ្វើជាតំណាងនៃក្រុមប្រទេសមួយចំនួនតូច ដែលបានផ្តួចផ្តើមសំណើចង់ឱ្យកោះតៃវ៉ាន់ បានចូលរួមជាអ្នកអង្កេតការណ៍ ក្នុងមហាសន្និបាត WHO ឆ្នាំនេះ។ សាំងវីនសិនបាននិយាយថា ការមិនរាប់បញ្ចូលតៃវ៉ាន់ គឺជាទង្វើយុត្តិធម៌ ខណៈបេលីបាននិយាយថា វាធ្វើឱ្យប៉ះពាល់សមត្ថភាពត្រៀមលក្ខណៈ និងឆ្លើយតបរួម។

មិនមានប្រទេសលោកខាងលិចធំណាមួយឡើយ ដែលចេញមុខនិយាយគាំទ្រតៃវ៉ាន់ ឬក៏ចុះហត្ថលេខាលើសំណើនោះ ហើយសហរដ្ឋអាមេរិក ដែលគ្រោងចាកចេញពី WHO បានទុកកៅអីខ្លួនឱ្យនៅទំនេរ។ ដោយឡែក ចិនដែលចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ព្រមទាំងប៉ាគីស្ថាន បានបង្ហាញសំឡេងជំទាស់សំណើខាងលើ ជាហេតុនាំឱ្យ WHO សម្រេចជ្រើសរើសមិនអញ្ជើញ​តៃវ៉ាន់។

គួរបញ្ជាក់ថា កាលពីចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ តៃវ៉ាន់ធ្លាប់បានចូលរួមក្នុងមហាសន្និបាត WHO ក្នុងនាមជាអ្នកអង្កេតការណ៍ ក្រោមរដ្ឋបាលអតីតមេដឹកនាំ លោក Ma Ying-jeou ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងទេសចរណ៍ដ៏សំខាន់មួយ ជាមួយចិន។ សំណួរស្តីពីការចូលរួមរបស់តៃវ៉ាន់ ក្នុងមហាសន្និបាត UN តែងតែលេចឡើង ជារៀងរាល់ឆ្នាំ។ ដែនកោះនេះ ត្រូវបានផាត់ចេញពីការចូលរួមក្នុងអង្គការអន្តរជាតិភាគច្រើន ដោយសារតែការជំទាស់ពីចិន៕