(វ៉ាស៊ីនតោន)៖ ទិន្នន័យចុងក្រោយរបស់គេហទំព័រ Wikileaks បានបង្ហាញថា ស្ថានីយ៍ទូរទស្សន៍ CNN មិនមែនត្រឹមតែផ្ដល់កម្រងសំណួរទុកជាមុនដល់លោកស្រី ហ៊ីលឡារី គ្លីនតុន តែប៉ុណ្ណោះទេ ក៏ប៉ុន្តែស្ថានីយ៍មួយនេះ ថែមទាំងបើកដៃឱ្យក្រុមអ្នកប្រជាធិបតេយ្យ ជ្រើសរើសសំណួរដោយខ្លួនឯង សម្រាប់ចោទសួរ លោក ដូណាល់ ត្រាំ ទៀតផងនៅក្នុងវេទិការជជែកដេញដោលម្ដងៗ។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន Sputnik នៅមុននេះបន្តិចនាយប់ថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមគេហទំព័រ Wikileaks នៅក្នុងលិខិតមួយ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ និងមានចំណងជើងថា «សំណួរសម្រាប់លោកត្រាំនៅ CNN» ក្រុមសមាជិកគណៈកម្មាធិការជាតិប្រជាធិបតេយ្យ បានរៀបចំបញ្ជី បញ្ជាក់លម្អិតពីសំណួរ សម្រាប់សួរលោកត្រាំ ដោយក្នុងនោះមានទំាងសំណួរដ៏រសើបមួយចំនួនផងដែរ ជាឧទាហរណ៍ដូចជាសំណួរដែលថា «តើវាចាំបាច់ដែរឬទេក្នុងការទម្លាក់គ្រាប់បែកលើអារ៉ាប៊ីសាអូឌីត បើសិនជា អារ៉ាប៊ីសាអូឌីត មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១?»។
សូមជំរាបថា កាលពីចុងខែតុលា Wikileaks ក៏ធ្លាប់បានទម្លាយផងដែរ ថាអតីតអ្នកអាត្ថាធិប្បាយនយោបាយ របស់CNN លោកស្រី ដូនណា ប្រាហ្ស៊ីល(Donna Brazile) បានរៀបចំសំណួរទុកជាមុនឱ្យលោកស្រីគ្លីនតុន នៅក្នុងវេទិកាតស៊ូមតិជាមួយលោក បឺនី សាន់ឌឺ (Bernie Sanders) នៅឯទីក្រុង Flint នៃរដ្ឋ Michigan កាលដើមខែមីនា កន្លងទៅ៕