លោក JD Vance៖ សហរដ្ឋអាមេរិក ស្វែងរកការចរចាពាណិជ្ជកម្មរយៈពេលវែង ជាមួយសហភាពអឺរ៉ុប
19-05-2025 15:49
(វ៉ាស៉ីនតោន)៖ អំឡុងពេលជួបប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងនាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni កាលពីថ្ងៃអាទិត្យ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានបង្ហាញពីក្តីរំពឹងថា ជំនួបនេះនឹងជួយជំរុញកិច្ចចរចាពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ ២០២៥។
លោក Vance គូសបញ្ជាក់ថា «អឺរ៉ុបគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ប៉ុន្តែពិតណាស់ យើងមានការខ្វែងគំនិតគ្នាខ្លះៗ ដូចសម្ព័ន្ធមិត្តដទៃទៀតដែរ លើបញ្ហាពាណិជ្ជកម្ម។ ខ្ញុំគិតថា ការសន្ទនាគ្នាពេលនេះ នឹងជាការចាប់ផ្តើមនៃកិច្ចចរចា និងអត្ថប្រយោជន៍ពាណិជ្ជកម្មរយៈពេលវែង រវាងអឺរ៉ុប និងសហរដ្ឋអាមេរិក»។
សេតវិមាន បានដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលដែកថែប អាលុយមីញ៉ូម និងរថយន្ត ក៏ដូចជាពន្ធគោល ១០ភាគរយ លើប្រទេសសឹងតែទាំងអស់ រួមជាមួយពន្ធបដិការដែលសម្រាប់ EU គឺ២០ភាគរយ ប៉ុន្តែត្រូវបានផ្អាកការអនុវត្តរយៈពេល ៩០ថ្ងៃ ដើម្បីទុកពេលចរចា។
តាមលោកស្រី Von der Leyen ទំនាក់ទំនងពាណិជ្ជកម្ម EU-អាមេរិក មានលក្ខណៈធំបំផុតលើពិភពលោក និងទំហំជាង ១.៥ទ្រីលានដុល្លារក្នុងមួយឆ្នាំ ហើយលោកស្រីបានបន្ថែមថា ភាគីទាំងពីរក៏បានផ្លាស់ប្តូរឯកសារផ្សេងៗ នៃការពិភាក្សានាពេលអនាគត៕