(វ៉ាស៊ីនតោន)៖ អ្នកវិទ្យាសាស្រ្តបានអះអាងថាការរញ្ជួយដីជាច្រើនលើកច្រើនសារនៅរដ្ឋ Oklahoma ភាគកណ្តាលសហរដ្ឋអាមេរិក គឺបណ្តាលមកពីការបូមយកប្រេង និងឧស្ម័នរ៉ែធម្មជាតិដ៏ច្រើនលើសលប់ក៏ដូចជាការបញ្ចេញចោលទឹកសំណល់ពីការចម្រាញ់ប្រេង និងឧស្ម័នទៅក្រោមដីនៅទីនោះផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
តួយ៉ាងកាលពីខែកញ្ញាកន្លងទៅនេះ គ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័របានវាយប្រហារមកលើរដ្ឋ Oklahoma ជាមួយនិងជម្រៅប្រហែល១៤.៤គីឡូម៉ែត្រ នៅភាគនិរតីនៃទីក្រុង Pawnee ខណៈគ្រោះរញ្ជួយដីមួយទៀតកម្រិត៤.៥រ៉ិចទ័របានអង្រួនតំបន់ភាគខាងជើងនៃរដ្ឋ Oklahoma ក្បែរទីក្រុង Pawnee ផងដែរ។
ចំណែកឯនៅយប់ថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា រដ្ឋមួយនេះបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីមួយផ្សេងទៀតកម្រិត៥.០រ៉ិចទ័រនៅភាគខាងលិចទីក្រុង Cushing ដែលមានប្រជាជនរស់នៅជិត៨,០០០នាក់ និងជាកន្លែងដែលរោងចក្របូម និងស្តុកប្រេង «Cushing Tank Farm» ដ៏ធំជាងគេបង្អស់នៅលើពិភពលោកកំពុងមានសង្វាក់ផលិតកម្មយ៉ាងខ្លាំងក្លាថែមទៀត។
គួរបញ្ជាក់ដែរថាការបូមប្រេង និងការបញ្ចេញទឹកសំណល់គីមីទៅក្រោមដី បច្ចុប្បន្នមិនបានបង្កជាគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរក៏ដូចជាការខូចខាតខ្លាំងប៉ុន្មាននោះឡើយដល់រដ្ឋ Oklahoma សហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែនៅពេលខាងមុខគ្រោះរញ្ជួយដីដែលបង្កឡើងដោយឧស្សាហកម្មប្រភេទនេះអាចនឹងធ្វើឲ្យមានជាសោកនាដកម្មមួយដ៏ធំជាក់ជាមិនខានឡើយនៅថ្ងៃអនាគត៕