(គែរ)៖ ការិយាល័យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា បាននិយាយថាអ៉ីស្រាអែលនឹងបន្ធូរបន្ថយការបិទខ្ទប់របស់ខ្លួន ហើយនឹងអនុញ្ញាតឱ្យជំនួយមួយចំនួន ចូលទៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីយោធាអ៉ីស្រាអែលប្រកាសចាប់ផ្ដើមបើកប្រតិបត្តិការវាយលុកថ្មីមួយនៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមការិយាល័យរបស់លោក Netanyahu តបតាមអនុសាសន៍របស់ IDF (កងកម្លាំងការពារអ៉ីស្រាអែល) និងភាពចាំបាច់នៃប្រតិបត្តិការពង្រីកការប្រយុទ្ធដើម្បីបំបាក់ក្រុមហាម៉ាស អ៉ីស្រាអែលនឹងអនុញ្ញាតឱ្យ ជំនួយជាមូលដ្ឋានមួយចំនួនដូចជាស្បៀងអាហារចូលទៅក្នុងតំបន់ហ្កាហ្សា ដើម្បីធានាឱ្យបានថាវិបត្តិគ្រោះទុរភិក្សនឹងមិនវិវត្តទៅមុខក្នុងតំបន់ហ្កាហ្សា។ ការប្រកាសបែបនេះរបស់អ៉ីស្រាអែល ធ្វើឡើងបន្ទាប់ពី មានសេចក្ដីរាយការណ៍ថាពុំមានភាពរីកចម្រើនឡើយនៅក្នុងកិច្ចចរចាជុំថ្មីមួយដោយប្រយោលរវាងអ៉ីស្រាអែល និងហាម៉ាសនៅកាតា។ ភ្លាមៗនោះដែរ យោធាអ៉ីស្រាអែលបានប្រកាសថាខ្លួនអាចនឹងពង្រីក ប្រតិបត្តិការយោធាបន្ថែមទៀត ដើម្បីជួយដល់ការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយក្នុងទីក្រុងដូហា។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានបង្កើនការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើតំបន់ហ្កាហ្សាជាច្រើនថ្ងៃមកហើយ ដោយពេញមួយយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះមានមនុស្សយ៉ាងហោច ១៣០នាក់ ត្រូវបានសម្លាប់។ ប្រតិបត្តិការវាយលុកថ្មីនេះគឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលអ៉ីស្រាអែលដែលក្នុងនោះរួមមានបញ្ចូលទាំងការចូលកាន់កាប់តំបន់ហ្កាហ្សា៕