(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាទទួលបន្ទុកស៊ើបអង្កេតលើសំណុំរឿងស្រ្តីឈ្មោះ ឆយ ស៊ូលស៊ីល បានចាប់ផ្ដើមការស៊ើបអង្កេតហើយស្ដីពីជំនួបបិទទ្វាររវាងប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ និងម្ចាស់ក្រុមហ៊ុន ធំៗចំនួន០៧ក្នុងគោលបំណងរៃអង្គាសប្រាក់សម្រាប់មូលនិធិ Mir និង K-Sports ដែលជាប់ពាក់ព័ន្ធនឹងស្រី្ត ឆយស៊ូនស៊ីល។ នេះបើយោងតាមរដ្ឋអាជ្ញាក្រុងសេអ៊ូល ដែលចុះផ្សាយដោយសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមសារព័ត៌មាន យ៉ុនហាប់ បើសិនជាក្រុមរដ្ឋអាជ្ញារកឃើញភស្ដុតាងបង្ហាញថាលោកស្រី ផាក គឺនហេ បានចូលរួមនៅក្នុងការប្រមូលមូលនិធិទំាងពីរដែលមានទឹកប្រាក់ជិត៧២លានដុលា្លរអាមេរិក នោះការស៊ើបអង្កេត អាចនឹងត្រូវតម្រង់ឆ្ពោះទៅរកប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះតែម្ដង ត្បិតការស៊ើបអង្កេតរបស់ក្រុមរដ្ឋអាជ្ញានៅពេលនេះធ្វើឡើងដើម្បីកំណត់ថាតើលោកស្រី ផាក គឺនហេ បានស្នើឱ្យម្ចាស់ក្រុមហ៊ុនទំាង៧ខាងលើបង់ប្រាក់ចូលមូលនិធិ Mir និង K-Sports ដែរឬក៏យ៉ាងណា។
គួរបញ្ជាក់ថានៅក្នុងចំណោមម្ចាស់ក្រុមហ៊ុនទំាង០៧ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំសម្ងាត់នោះក៏មានវត្តមាន ផងដែរអ្នកស្នងតំណែងក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong, ប្រធានសម្ព័ន្ធក្រុមហ៊ុន Hyundai-Kia លោក Chung Mong-koo រួមនិងប្រធានក្រុមហ៊ុន LG Electronics លោក Koo Bon-moo ៕