(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា បាននិយាយថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំនៅក្នុងតំបន់ហ្កាហ្សា នារយៈពេលប៉ុន្មានថ្ងៃមកនេះជាផ្នែកមួយ នៃដំណាក់កាលដំបូងនៃប្រតិបត្តិការយោធាថ្មីមួយប្រឆាំងនឹងក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

យោធាអ៉ីស្រាអែល បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាការវាយប្រហារតាមផ្លូវអាកាសគឺជាផ្នែកមួយនៃការពង្រីកសមរភូមិប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សា ជាមួយគោលដៅសម្រេចឱ្យបាននូវវត្ថុបំណងទាំងអស់នៃ សង្រ្គាម ក្នុងនោះរួមមានទាំងការដោះលែងចំណាប់ខ្មាំង និងវាយបំបាក់ក្រុមហាម៉ាស។ ទីភ្នាក់ងារការពារជនស៊ីវិលក្នុងតំបន់ហ្កាហ្សា បានអះអាងថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានសម្លាប់មនុស្ស យ៉ាងហោច ១០០នាក់ ពេញមួយថ្ងៃសុក្រ ទី១៦ ខែខែឧសភា។ ប្រតិបត្តិយោធាថ្មីមានឈ្មោះថា «Operation Gideon's Chariots» ត្រូវបានធ្វើឡើងចំពេលអ៉ីស្រាអែលកំពុងរងសម្ពាធឱ្យដកចេញការបិទខ្ទប់រារាំង ជំនួយចូលទៅកាន់តំបន់ហ្កាហ្សា។

អ៉ីស្រាអែលបានចាប់ផ្ដើមការវាយលុកសាជាថ្មីក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃទី១៨ ខែមីនា ក្រោយផ្អាកបាញ់ជាមួយក្រុមហាម៉ាសរយៈពេល២ខែ ហើយបើតាមក្រសួងសុខាភិបាលហ្កាហ្សា មនុស្ស ២៩៨៥នាក់ ត្រូវបាន សម្លាប់ ចាប់តាំងពីអ៉ីស្រាអែលចាប់ផ្ដើមសង្រ្គាមឡើងវិញដែលធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងតំបន់ហ្កាហ្សាកើនដល់ ៥៣ ១១៩នាក់។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល កាលពីថ្ងៃសុក្រ បានរាយការណ៍ថាយោធាអ៉ីស្រាអែលបានបង្កើនការវាយលុករបស់ខ្លួន ស្របទៅតាមផែនការមួយដែលត្រូវបានអនុម័តឡើងដោយរដ្ឋាភិបាលអ៉ីស្រាអែល កាលពីដើមខែឧសភាកន្លងទៅនេះដែលរួមបញ្ចូលទាំងការចូលកាន់កាប់តំបន់ហ្កាហ្សាទាំងមូល៕