(ហ្ស៊េរុយសាឡិម)៖ ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សាបានសម្លាប់មនុស្សជាង ២៥០នាក់ ចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាមក ដែលនេះជាការវាយប្រហារតាមផ្លូវអាកាសសម្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីការដួលរលំបទឈប់បាញ់កាលពីខែមីនាមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបិទបញ្ចប់ទស្សនកិច្ចរបស់លោកក្នុងតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃសុក្រ ទី១៦ ខែឧសភា ដោយពុំមានភាពរីកចម្រើនចំពោះបទឈប់បាញ់ថ្មីមួយ ក្នុងពេលដែលអ៉ីស្រាអែលកំពុងបង្កើនការទម្លាក់គ្រាប់បែក បានទទួលស្គាល់ពីវិបត្តិគ្រោះទុរភិក្ស និងតម្រូវការចាំបាច់សម្រាប់ការផ្ដល់ជំនួយមនុស្សធម៌។ «យើងក៏ត្រូវតែជួយសង្រ្គោះប្រជាជនប៉ាឡេស្ទីន ផងដែរ។ អ្នកដឹងហើយថាមានមនុស្សជាច្រើនកំពុងជួបគ្រោះអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា។ ដូច្នេះយើងត្រូវតែសម្លឹងទៅរកភាគីទាំងសង»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។
នៅពេលត្រូវបានសាកសួរថាតើរូបលោកគាំទ្រផែនការសង្រ្គាមថ្មីរបស់អ៉ីស្រាអែលដែរឬទេ? លោក ត្រាំបានបន្ថែមថាលោករំពឹងថារឿងល្អនឹងកើតឡើងនៅខែក្រោយ។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់កាំភ្លើងធំ កាលពីថ្ងៃសុក្ររបស់យោធាអ៉ីស្រាអែល បានផ្ដោតសំខាន់លើផ្នែកតូចមួយនៃភាគខាងជើងតំបន់ហ្កាហ្សាដែលពោរពេញដោយមនុស្សម្នា និងជាទីដែលមនុស្សរាប់សិបនាក់ក្នុងនោះរួមមានទាំងកុមារ និងស្ត្រីត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ។ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក Khalil al-Deqran។ អ៉ីស្រាអែលកំពុង បង្កើនការទម្លាក់គ្រាប់បែក និងប្រមូលផ្ដុំកម្លាំងទ័ពនៅតាមបណ្ដោយព្រំដែនសម្រាប់ការត្រៀមប្រតិបត្តិការយោធាថ្មីមួយ ទោះជាមានសម្ពាធពីអន្តរជាតិក៏ដោយ។
លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃទី៥ ខែឧសភា បាននិយាយថាអ៉ីស្រាអែលមានផែនការពង្រីកការធ្វើសង្រ្គាម និងបង្កើនការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស ខណៈ គណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកបានអនុម័តផែនការថ្មីមួយដែលរួមបញ្ចូលទាំងការចូលកាន់កាប់តំបន់ហ្កាហ្សាទាំងមូល និងគ្រប់គ្រងលើការផ្ដល់ជំនួយ៕