Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរអាមេរិក ស៉ើបអង្កេតអតីតនាយក FBI សម្រាប់ការបង្ហោះរូបភាព ដែលត្រូវបានចាត់ទុកជាការគំរាមកំហែង ចំពោះប្រធានាធីបតី ដូណាល់ ត្រាំ (Video inside)

16-05-2025 14:47

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក លោកស្រី Kristi Noem បាននិយាយថា បណ្តាទីភ្នាក់ងារអនុវត្តច្បាប់អាមេរិក កំពុងស៉ើបអង្កេតលើអតីតនាយកទីភ្នាក់ងារស៉ើបអង្កេតសហព័ន្ធ FBI លោក James Comey ដែលជាប់សង្ស័យបង្កការគំរាមកំហែងចំពោះប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីប្រកាសរបស់លោកស្រី Noem ធ្វើឡើង បន្ទាប់ពីលោក Comey បានបង្ហោះសាររូបភាពមួយ នៅលើ Instagram ដែលបង្ហាញនូវរូបសំបកខ្យងសមុទ្រ តម្រៀបចេញជាលេខ ៨៦ ៤៧ ដោយលេខ ៨៦ គឺជាពាក្យ slang នៅអាមេរិក អាចមានន័យស្មើនឹង សម្លាប់ ខណៈលោក ត្រាំ គឺជាប្រធានាធិបតីអាមេរិកទី ៤៧។

លោកស្រី Noem បានចោទថា ការបង្ហោះសាររូបភាពខាងលើរបស់លោក Comey គឺជាការអំពាវនាវឱ្យធ្វើឃាតលោក ត្រាំ ដូច្នេះហើយក្រសួងសន្តិសុខមាតុភូមិ និងកងអង្គរក្សប្រធានាធិបតី Secret Service កំពុងតែស៉ើបអង្កេតលើការគំរាមកំហែងនេះ ហើយនឹងធ្វើការឆ្លើយដោយសមស្រប។

លោក Comey បានលុបចោលសារនោះវិញហើយ រួចបាននិយាយថា លោកគ្រាន់តែចង់បង្ហោះរូបភាពសំបកខ្យង ដែលលោក​បានប្រទះឃើញ ពេលដើរលើឆ្នេរខ្សាច់ប៉ុណ្ណោះ ដោយមិននឹកស្មានថា វាជាសារនយោបាយ ហើយមានមនុស្សចំនួនចាត់ទុក លេខទាំងនោះមានបង្កប់ន័យហិង្សាឡើយ។ លោក Comey បានបន្តថា លោកនឹកមិនឃើញសោះ ហើយលោកប្រឆាំងអំពើហិង្សា​គ្រប់ទម្រង់ ដូច្នេះទើបលោកសម្រេចចិត្តលុបការបង្ហោះសារនោះចេញវិញ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន លោក ត្រាំ បានរួចផុតពីការប៉ុនប៉ងធ្វើឃាតចំនួន២លើក ខណៈអំឡុងមួយលើក លោកបានរងរបួស​ចំស្លឹកត្រចៀក។ លោក James Comey បានកាន់តួនាទីជានាយកទីភ្នាក់ងារ FBI ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ដោយ​ត្រូវបានលោក ត្រាំ ដកតំណែង អំឡុងការស៉ើបអង្កេតលើការលូកលាន់របស់រុស្ស៉ី ក្នុងដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦៕