(មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានដកតំណែងឧត្តមសេនីយ៍ Oleg Salyukov ដែលមានតួនាទីជា មេបញ្ជាការកងកម្លាំងជើងគោករបស់ប្រទេសរុស្ស៉ី ប៉ុន្តែបានតែងតាំងរូបលោក ជាលេខាធិការរងនៅក្រុមប្រឹក្សាសន្តិសុខជាតិវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី គឺលោក Sergei Shoigu ដែលត្រូវបានលោក ពូទីន ដកតំណែងជារដ្ឋមន្រ្តីការពារជាតិ កាលពីឆ្នាំ២០២៤។ សម្រាប់រយៈពេល១១ឆ្នាំមកនេះ លោក Salyukov តែងតែបានដឹកនាំពិធីព្យុហយាត្រាយោធាទិវាជ័យជម្នះ នៅទីលាន Red Square ក្នុងទីក្រុងមូស្គូ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគម្រប់ខួបនៃការចុះចាញ់របស់អាល្លឺម៉ង់ នៅចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២។
គួរបញ្ជាក់ថា ចាប់តាំងពីខែមករា ឆ្នាំ២០២៣ លោក Salyukov គឺជាមេបញ្ជាការរងរបស់ឧត្តមសេនីយ៍ Valery Gerasimov អគ្គសេនាធិការយោធារុស្ស៉ី ដែលត្រូវបានលោក ពូទីន តែងតាំងជាមេបញ្ជាការទទួលបន្ទុកដឹកនាំសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន។ លោក Salyukov ត្រូវបានដាក់ទណ្ឌកម្ម ដោយចក្រភពអង់គ្លេស សហភាពអឺរ៉ុប កាណាដា និងប្រទេសមួយចំនួនទៀត៕