(ហាណូយ)៖ នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនៃប្រទេសវៀតណាម បានចេញសេចក្តីរាយការណ៍មួយនៅថ្ងៃចន្ទនេះថា មនុស្សស្លាប់បានកើនឡើងដល់ចំនួន១៥នាក់ហើយដោយសារគ្រោះទឹកជំនន់វាយប្រហារ មកលើភាគកណ្តាលនៃប្រទេសវៀតណាម ខណៈមនុស្ស០៦នាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយដោយសារគ្រោះធម្មជាតិដ៏អាក្រក់មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមគេហទំព័ររបស់នាយកដ្ឋានខាងលើ ក្នុងចំណោមតំបន់ទាំង១៣ដែលបានទទួលរងផលប៉ះពាល់ដោយសារការធ្លាក់ភ្លៀងជាប់ៗគ្នាជាច្រើនថ្ងៃមកនេះ គឺខេត្ត Phu Yen ជាតំបន់ដែលបាន រងគ្រោះធ្ងន់ធ្ងរជាងគេបង្អស់ ដោយមានអ្នកស្លាប់ដល់ទៅចំនួន០៧នាក់ និងបាត់ខ្លួនម្នាក់។ រីឯខេត្ត Quang Binh មានអ្នកស្លាប់ចំនួនបីនាក់ និងខេត្ត Quang Tri ព្រមទាំងខេត្ត Binh Binh បានបាត់បង់ប្រជាជនពីរនាក់ដូចគ្នា ហើយម្នាក់ទៀតមកពីខេត្ត Dak Lak។
បន្ថែមពីនេះគ្រោះទឹកជំនន់ដែលបង្កឡើងដោយការធ្លាក់ភ្លៀងយ៉ាងជោគជាំអស់រយៈពេលជិតមួយសប្តាហ៍នេះ បានធ្វើឲ្យជន់លិចលំនៅឋានជិត៤១,០០០ខ្នងនៅទូទាំងភាគកណ្តាលប្រទេសវៀតណាម ហើយក្នុងចំណោមនោះផ្ទះចំនួន ២២៣ខ្នង បានខូចខាតពី ៥០ទៅ៧០ភាគរយ។ លើសពីនេះទៀតផលដំណាំទំហំប្រហែល ១២,០០០ហិកតាកំពុងស្ថិតនៅក្រោមទឹកជំនន់ ខណៈកសិដ្ឋានចិញ្ចឹមសត្វប្រមាណ៤៣,០០០កន្លែង ត្រូវបានជន់លិចនិងហូរនាំយកទៅតាមទឹកផងដែរ។
គួរបញ្ជាក់ដែរថាគ្រោះមហន្តរាយទឹកជំនន់ជាញឹកញាប់តែងបានវាយប្រហារមកលើប្រទេសអាស៊ីអាគ្នេយ៍មួយនេះជាញឹកញាប់ និងបានបង្កការខូចខាតដល់លំនៅឋាបរួមទាំងផលដំណាំជាច្រើនហិកតារាប់មិនអស់ ព្រមទាំងបានធ្វើឲ្យរដ្ឋាភិបាលវៀតណាមខាតបង់ថវិកាជាតិក្នុងមួយឆ្នាំៗយ៉ាងហោចណាស់ក៏ជាង១ពាន់លានដុល្លារផងដែរ៕