(អ៉ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាថារូបលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងកិច្ចចរចាសន្តិភាព ជាមួយឥណ្ឌា តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសជិតខាងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២បិទបញ្ចប់ជម្លោះដ៏ក្ដៅបំផុតមួយ ក្នុងពេលជិត៣ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកឡើងបែបនេះរបស់លោក Shehbaz Sharif ធ្វើឡើងអំឡុងធ្វើទស្សនកិច្ចមួយទៅកាន់មូលដ្ឋានទ័ពអាកាស Kamra ស្ថិតនៅក្នុងខេត្ត Punjab នៃប្រទេសប៉ាគីស្ថានជាទីដែលលោកបាន ចុះសួរសុខទុក្ខក្រុមមន្ត្រី និងទាហានដែលបានចូលរួមក្នុងការជម្លោះយោធាជាមួយឥណ្ឌាកាលពីពេលថ្មីៗនេះ។ «យើងបានត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយឥណ្ឌាដើម្បីសន្តិភាព»។ នេះជាការគូសបញ្ជាក់របស់លោក Sharif ដោយបន្ថែមថាលក្ខខណ្ឌសម្រាប់សន្តិភាពក្នុងនោះរួមមានទាំងបញ្ហាតំបន់កាស្មៀរផងដែរ។

គួរបញ្ជាក់ថា ឥណ្ឌា និងប៉ាគីស្ថានបានឈានដល់បទឈបបាញ់មួយក្រោយមានការសម្របសម្រួលដោយសហរដ្ឋអាមេរិក។ ប៉ុន្តែទោះជាភាពតានតឹងបានស្ងប់ស្ងាត់ ហានិភ័យគ្រោះថ្នាក់នៃជម្លោះ នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ៕