(ប៉េកាំង)៖ “មិនថាក្នុងនាមជាទីផ្សារប្រភពអ្នកទេសចរឬក៏គោលដៅទេសចរណ៍ ចិនសុទ្ធតែជាអ្នកឈានមុខគេមួយ ក្នុងមុខរបរទេសចរណ៍ដ៏ពិតប្រាកដលើពិភពលោក ។ ស្របពេលជាមួយគ្នានេះ ក្នុងវិស័យធ្វើបរិវត្តកម្មឌីជីថលនៃរបរទេសចរណ៍ ចិនកាន់ឋានៈនាំមុខគេក្នុងវិស័យទាំងសាធារណៈនិងឯកជន ។” ពេលថ្មីៗកន្លងទៅនេះ លោក Zurab Pololikashvili អគ្គលេខាធិការអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិបានវាយតម្លៃយ៉ាងសកម្មចំពោះទីផ្សារទេសចរណ៍របស់ចិន ។
ថ្ងៃឈប់សម្រាក “១ឧសភា”ឆ្នាំនេះ ជាថ្ងៃឈប់សម្រាក “១ឧសភា” ទីមួយបន្ទាប់ពីប្រទេសចិនអនុវត្តគោលនយោបាយ លើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិនរយៈពេល២៤០ម៉ោង។ ចំនួនអ្នកធ្វើទេសចរណ៍ក្នុងស្រុកចិនគឺ៣១៤លាននាក់ ដែលកើនឡើង៦,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ចំនួនអ្នកចេញចូលដែនចិនគឺ ១០លាន៨សែន៩ម៉ឺន៦ពាន់នាក់ ដែលកើនឡើង២៨,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ អ្នកទេសចរណ៍បរទេសដែលចេញចូលដែនចិន មានចំនួន១លាន១សែន១ម៉ឺន៥ពាន់នាក់ ដែលកើនឡើង៤៣,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ល។
ទិន្នន័យដ៏លេចធ្លោបានក្លាយជាបង្អួចសម្រាប់ទូទាំងពិភពលោក សង្កេតមើលប្រទេសចិនម្តងទៀត។ ព្រមពេលជាមួយគ្នានេះ ប្រព័ន្ធសារព័ត៌មានបរទេសក៏បានបន្តយកចិត្តទុកដាក់ដល់ កម្លាំងរស់រវើកនៃសេដ្ឋកិច្ចថ្ងៃឈប់សម្រាករបស់ចិន តាមរយៈសមិទ្ធផលរបស់ចិនអំឡុងពេលថ្ងៃឈប់សម្រាក “១ឧសភា”ដែរ។
វេបសាយ World Net Daily របស់អាមេរិកបានយល់ឃើញថា ការប្រើប្រាស់នៅថ្ងៃឈប់សម្រាក “១ឧសភា”របស់ចិនទទួលបានសមិទ្ធផលដ៏លេចធ្លោ។ ការផ្សាយដំណឹងឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក “១ឧសភា” ការប្រើប្រាស់ខាងសេវាកម្មរបស់ចិនបន្តឡើងកំដៅ ទីផ្សារភោជនីយដ្ឋាននិងទេសចរណ៍វប្បធម៌ មានភាពសន្ទុះយ៉ាងខ្លាំង ទំហំលក់ដូរនៃមុខរបរភោជនីយដ្ឋានបានកើនឡើងយ៉ាងច្បាស់លាស់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ ក្រៅពីនេះ ការប្រើប្រាស់ខាងការធ្វើទេសចរណ៍ ទាំងក្នុងនិងក្រៅប្រទេសក៏លេចចេញនិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរដែរ។
វេបសាយ Jing Daily របស់អាមេរិកបានផ្សាយដំណឹងឱ្យដឹងថា អ្នកប្រើប្រាស់របស់ចិន បានឆ្លងកាត់ការពិសោធន៍ ពីភាពមិនប្រាកដប្រជា នៅខាងក្រៅក្នុងថ្ងៃឈប់សម្រាកធំៗទីមួយ ទីផ្សារប្រើប្រាស់ទូទាំងប្រទេសចិនមានវិបុលភាព និងភាពរស់រវើក។
ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានផ្សាយដំណឹងឱ្យដឹងថា ថ្ងៃឈប់សម្រាក“១ឧសភា”ត្រូវគេចាត់ទុកថាជាកញ្ចក់ឆ្លុះបញ្ចាំងពី ជំនឿចិត្តរបស់អ្នកប្រើប្រាស់ ។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក “១ឧសភា” ស្ថាប័នត្រួតពិនិត្យព្រំដែនទូទាំងប្រទេសចិន បានធានាអ្នកដំណើរជាតិនិងអន្តរជាតិ សរុប១០លាន៨សែន៩ម៉ឺន៦ពាន់នាក់ ឱ្យចេញចូលដែនដោយរលូន ក្នុងនោះ ពលរដ្ឋចិនដីគោកដែលចេញចូលដែន មានចំនួន៥លាន៧សែន៧ម៉ឹន៨ពាន់នាក់ ដែលកើនឡើង២១,២ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន។
ទីភ្នាក់ងារសារព័ត៌មានអេមីរ៉ាតអារ៉ាប់រួមបានផ្សាយដំណឹងថា ស្របពេលដែលសហគមន៍អន្តរជាតិមានចំណាប់អារម្មណ៍ កាន់តែខ្លាំងចំពោះវប្បធម៌ប្រពៃណីរបស់ចិន ទីផ្សារទេសចរណ៍វប្បធម៌របស់ចិនបានលេចចេញនិន្នាការ កើនឡើងដ៏លេចធ្លោ ។ ការវិភាគបានលើកឡើងថា ការផ្តល់ជម្រើសទិញទំនិញដ៏សំបូរបែប និងសេវាកម្មបង្វិលពន្ធសងវិញ ដែលប្រកបដោយគុណភាពកាន់តែល្អ និងកាន់តែងាយស្រួលដល់អ្នកដំណើរបរទេស វាបានជំរុញដោយមានប្រសិទ្ធភាព ដល់ការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ ហើយក៏មានអំណោយផលដល់ការជំរុញ កម្លាំងរស់រវើកនៃការប្រើប្រាស់ក្នុងដែនចិនផងដែរ។ ចិនក្លាយជាគោលដៅនៃការប្រើប្រាស់ ខាងទេសចរណ៍ដែលកាន់តែ មានភាពទាក់ទាញ វាមិនត្រឹមតែបានជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏ជំរុញដល់ការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងទីផ្សារជាតិនិងអន្តរជាតិដែរ។
ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥ជាទិវាទេសចរណ៍ចិនលើកទី១៥ ។ ប្រធានបទឆ្នាំនេះគឺ “ធ្វើដំណើរនៅទឹកដីដ៏ស្រស់ស្អាត” ។ តំបន់នានារបស់ចិនបានរៀបចំ សកម្មភាពដ៏សម្បូរបែប ក្រោមប្រធានបទនេះ ។ ក្រុង Qianjiang ខេត្ត Hubei រៀបចំធ្វើសកម្មភាពដើម្បីបង្ហាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃពិព័រណ៍កូនបង្កងក្រហមក្រុង Qianjiang ឆ្នាំ២០២៥ ។ ខេត្ត Guizhou រៀបចំមហោស្រពតន្រ្តីដែលឈ្មោះ “សប្បាយរីករាយ១៩ឧសភាតាមរយៈទំនៀមទម្លាប់ប្រជាប្រិយ” និង “ផ្លូវពោរពេញទៅដោយផ្កា”ជាដើម ។ ក្រុង Hezhou ភូមិភាគស្វយ័ត Guangxi បានរៀបចំកម្មវិធីសិល្បៈ ប្រកបដោយលក្ខណៈពិសេសជនជាតិដូចជាល្ខោនប្រពៃណី ការសម្តែងកម្មវិធីស្តីពីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី និងរបាំបែបបុរាណចិនជាដើម។ ភូមិភាគស្វយ័ត Ningxia បានរៀបចំសកម្មភាពដូចជាមហោស្រពចម្រៀង ប្រជាប្រិយតំបន់ភាគខាងលិចជាដើម។ សកម្មភាពប្រកបដោយលក្ខណៈពិសេស ដែលរៀបចំឡើង ដោយពឹងផ្អែកទៅលើ វប្បធម៌ចិនដែលមានភាពអស្ចារ្យនិងអច្ឆរិយ មុខជានឹងទាក់ទាញអ្នកទេសចរជាតិនិងអន្តរជាតិកាន់តែច្រើន។
ពី “សេដ្ឋកិច្ចដើមសំបុត្រ (ticket stub economy)” ដល់គោលនយោបាយលើកលែងទិដ្ឋាការ ពីការធ្វើទេសចរណ៍នៅ តំបន់ជុំវិញដល់ការធ្វើទេសចរណ៍ឆ្លងដែនទៅវិញទៅមក តំបន់នានារបស់ចិនច្នៃប្រឌិតថ្មីទិដ្ឋភាពប្រើប្រាស់ ដើម្បីនាំមកនូវការដក បទពិសោធន៍ដ៏សម្បូរបែបដល់អ្នកទេសចរជាតិនិងអន្តរជាតិ។ គំរូនៃថ្ងៃឈប់សម្រាក “១ឧសភា” ជាការឆ្លុះបញ្ចាំង នៃភាពធន់នៃសេដ្ឋកិច្ចរបស់ចិនផង ហើយក៏ជាចំណែកមួយនៃការពិពណ៌នាថ្មី អំពីការធ្វើសកលភាវូបនីយកម្មផងដែរ ។ ចិនកំពុងប្រែកម្លាំងរស់រវើកនៃទីផ្សារក្នុងស្រុក ឱ្យក្លាយជាកម្លាំងចលករនៃកំណើនទូទាំងពិភពលោក ដោយអាកប្បកិរិយាកាន់តែបើកទូលាយ។ ចិនកំពុងក្លាយជាគោលដៅនៃការប្រើប្រាស់ ខាងទេសចរណ៍ដែលកាន់តែមាន ភាពទាក់ទាញ៕
វិទ្យុមិត្តភាពកម្ពុជាចិន