(វ៉ាស៊ីនតោន)៖ បើសិនជាលោក ដូណាល់ ត្រាំ អាចផ្ដួលលោកស្រី ហ៊ីលឡារី គ្លីនតុន នៅក្នុងការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា នោះមានន័យថាលោកនឹងក្លាយជា មហាសេដ្ឋីជំនួញដំបូងគេដែលកាន់ដំណែងជាប្រធានាធិបតីអាមេរិក។ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរ បើតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post នៅរសៀលថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា នេះលោក ត្រាំ ត្រូវបានគេមើលឃើញថា អាចនឹងដើរតាមគន្លងរបស់មហាសេដ្ឋីមួយចំនួនដែលបានប្រឡូកចូលឆាកនយោបាយ ដូចជាអតីតនាយករដ្ឋអ៊ីតាលី លោក Silvio Berluconi ប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្ន លោក Petro Poroshenko ឬក៏អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាដើម ដែលធ្លាប់បានប្រដូចលោក ត្រាំ នឹងរូបលោកផ្ទាល់។
ជាការពិតណាស់ លោក ថាក់ស៊ីន ធា្លប់បានទទួលភាពបរាជ័យក្នុងជីវិតនយោបាយ និងកំពុងរស់នៅនិរទេសខ្លួន ហើយមិនតែប៉ុណ្ណោះលោកក៏ធ្លាប់បានប្រឈមមុខផងដែរទៅនឹងការចោទប្រកាន់ពីបទពុករលួយបន្ទាប់ពីគ្រួសាររបស់លោកលក់ក្រុមហ៊ុនមួយក្នុងតម្លៃ ១.៨ពាន់លានដុល្លារដោយមិនបានបង់ពន្ធចូលរដ្ឋជាហេតុបង្កឱ្យមាន វិបត្តិនយោបាយនៅក្នុងប្រទេសថៃ បន្ទាប់ពីលោកធ្លាក់ចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០០៦ ដោយរដ្ឋប្រហារយោធាដូចនឹងប្អូនស្រីរបស់លោកផងដែរ។
ងាកទៅមើលកាលដើមឆ្នាំ២០១៦ លោក ថាក់ស៊ីន បានលើកឡើងនៅក្នុងសារព័ត៌មាន Financial Times ថារូបលោក និងលោក ដូណាល់ ត្រាំ មានចំណេះដឹងប្រហាក់ប្រហែលគ្នានោះគឺចំណេះដឹងក្នុងការចាប់ផ្ដើមធ្វើជាអ្នកជំនួញ។ លោកបន្ថែមថា «នៅពេលដែលអ្នកជំនួញទទួលបានជោគជ័យក្លាយជាអ្នកនយោបាយ ពួកគេនឹងផ្ដល់បរិយាកាសល្អដល់នយោបាយនៅក្នុងប្រទេស»។ ការលើកឡើងបែបនេះ វាប្រាកដណាស់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ មានទំនោរខ្លាំងទៅលើលោក ត្រាំ ហើយវាក៏ទំនងជាបង្ហាញថាប្រសិនបើលោក ត្រាំ ជាប់នោះទំនាក់ទំនងរវាងថៃនិងអាមេរិក ក៏អាចនឹងកែប្រែមុខមាត់ថ្មីផងដែរ៕