Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

APEC ព្រមានពីផលប៉ះពាល់នៃពន្ធគយអាមេរិកលើពាណិជ្ជកម្ម

15-05-2025 11:14

(SEOGWIPO, កូរ៉េខាងត្បូង)៖ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភានេះ ក្រុមប្រទេសនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិក (APEC) បានព្រមានថា ការនាំចេញក្នុងតំបន់នឹងស្ទើរតែគ្មានកំណើននៅឆ្នាំនេះ ចំពេលមានពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរបាយការណ៍វិភាគនិន្នាការក្នុងតំបន់ ដែលប្រកាសក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម ឆ្នាំ ២០២៥ នៅឯកោះរមណីយដ្ឋាន Jeju ប្រទេសកូរ៉េខាងត្បូង APEC បានព្យាករថា ការនាំចេញក្នុងតំបន់អាចកើនឡើងត្រឹមតែ ០.៤ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ បន្ទាប់ពីកើនឡើងដល់កម្រិត ៥.៧ភាគរយ កាលពីឆ្នាំមុន។

សេចក្តីប្រកាសក៏បានគូសបញ្ជាក់ដែរថា «កំណើនពាណិជ្ជកម្ម នឹងធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំង APEC ដោយសារតម្រូវការពីខាងក្រៅមានកម្រិតទាប ជាពិសេសនៅក្នុងការផលិត និងចំពោះទំនិញប្រើប្រាស់ ស្របពេលមានការកើនឡើងនូវភាពមិនច្បាស់លាស់ ជុំវិញវិធានការពាណិជ្ជកម្ម»

គួរបញ្ជាក់ថា ប្លុក APEC ដែលមានសមាជិកចំនួន ២១ បានចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ដោយអ្នកតំណាងពាណិជ្ជកម្មនានា នឹងពិភាក្សាគ្នាអំពីពាណិជ្ជកម្មពហុភាគី និងរបៀបវារៈនៃកិច្ចសហប្រតិបត្តិការផ្សេងទៀត រួមទាំងកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ចំពោះមុខបញ្ហាប្រឈមបច្ចុប្បន្ន។ នៅខាងក្រៅកិច្ចប្រជុំនេះ អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីកូរ៉េខាងត្បូង និងជំនួបទល់មុខគ្នាលើកដំបូងជាមួយភាគីនូវែលសេឡង់ ក៏ដូចជាប្រទេសអាស៉ីផ្សេងទៀត៕