(ម៉ុងតេវីដេអូ)៖ លោក Jose Mujica អតីតមេដឹកនាំនៃប្រទេសអ៊ុយរូហ្កាយ ដែលមានរហស្សនាមថា «ប្រធានាធិបតីក្រីក្របំផុត​នៅលើពិភពលោក» ទើបតែទទួលមរណភាពនៅវ័យ៨៩ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥។

ប្រធានាធិបតីអ៊ុយរូហ្កាយ លោក Yamandu Orsi បានប្រកាសដំណឹងមរណភាពរបស់លោក Mujica កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ លោក Mujica គឺជាអតីតសមាជិកក្រុមឧទ្ទាមឆ្វេងនិយម ដែលបានក្លាយជាប្រធានាធិបតីអ៊ុយរូហ្កាយ ចាប់ពីឆ្នាំ២០១០ ដល់​ឆ្នាំ២០១៥។ លោកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញកើតជំងឺមហារីកបំពង់ក កាលពីឆ្នាំ២០២៤។ អ្នកនយោបាយជុំវិញពិភពលោក ជាពិសេសអ្នកមាននិន្នាការឆ្វេងនិយម នៅតំបន់អាមេរិកឡាទីន បាននាំគ្នាសម្តែងការសោកស្តាយ ចំពោះដំណឹងមរណភាពរបស់លោក៕

គួរបញ្ជាក់ថា អតីតមេដឹកនាំអ៊ុយរូហ្កាយរូបនេះ ត្រូវគេស្គាល់យ៉ាងទូលំទូលាយ និងទទួលបានការស្ងើចសរសើរខ្លាំង សម្រាប់ការរក្សា​លក្ខណៈរស់នៅបែបសាមញ្ញបំផុត បើទោះបីជាអំឡុងពេលលោកមានមុខតំណែងជាប្រធានាធិបតីក៏ដោយ។ ជំនួសឱ្យវិមានប្រធានាធិបតី លោក Mujica បានសម្រេចជ្រើសរើសស្នាក់នៅផ្ទះកសិកររបស់លោក ដែលស្ថិតនៅជាយរដ្ឋធានីម៉ុងតេវីដេអូ ហើយជិះរថយន្ត Volkswagen ចាស់១គ្រឿង។

កាលពីឆ្នាំ២០២២ ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មាន Aljazeera លោក Mujica បាននិយាយថា ភាពមានស្តុកស្តម្ភ អាចធ្វើឱ្យមេដឹកនាំប្រទេសឃ្លាតឆ្ងាយពីប្រជាជនរបស់ខ្លួន។ លោកបានបកស្រាយយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា អ្នកនយោបាយ គួរតែរស់នៅដូចប្រជាជនភាគច្រើនរបស់ពួកគេ មិនមែនដូចប្រជាជនភាគតិច ដែលមានទ្រព្យសម្បត្តិហូរហៀរ នោះឡើយ»