(វៀងច័ន្ទ)៖ សមាជិករដ្ឋសភានៃប្រទេសឡាវបានអំពាវនាវឲ្យស្ថាប័នផ្សព្វផ្សាយ ក៏ដូចជាអ្នកសារព័ត៌មានក្នុងស្រុកត្រូវស្ថិតនៅក្រោមការកំណត់ដោយនីតិរដ្ឋឲ្យកាន់តែច្បាស់បន្ថែមទៀត ដើម្បីធានាថាប្រព័ន្ធផ្សព្វផ្សាយទាំងអស់នឹងចូលរួមចំណែកប្រកបដោយភាពវិជ្ជមានក្នុងកិច្ចការពារ និងអភិវឌ្ឍន៍ជាតិ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋ Vientiane Times ដែលដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
សមាជិករដ្ឋសភាខេត្ត Luang Prabang លោក Sinnava Souphanouvong បានថ្លែងថាលោកចង់ឲ្យច្បាប់របស់ប្រទេសឡាវកំណត់កាន់តែច្បាស់បន្ថែមទៀតទៅលើបុគ្គល និងអង្គភាពទាំងឡាយណាដែលត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយព័ត៌មាន។ លោក Souphhanouvong បានលើកឡើងថាជនដែលមានអាយុក្រោយ១៨ឆ្នាំ, អតីតទណ្ឌិត, ឬអ្នកមានបញ្ហាផ្នែកសតិអារម្មណ៍ រួមទាំងក្រុមហ៊ុន, សហគ្រាស, និងអង្គការផ្សេងៗដែលត្រូវបានហាមឃាត់ដោយច្បាប់ ក៏ដូចជាជនបរទេសនិងជនណាដែលគ្មានសញ្ជាតិឡាវ ឬក៏មកតាំងទីលំនៅក្នុងប្រទេសឡាវ មិនគួរទទួលបានការអនុញ្ញាតឲ្យមានឬប្រតិបត្តិមុខជំនួញទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសឡាវនោះឡើយ។
ជាមួយគ្នានេះដែរសមាជិករដ្ឋសភាប្រចាំខេត្ត Luang Prabang មួយរូបទៀតគឺលោក Thongchanh Manixay ក៏បានគូសបញ្ជាក់ដែរថាបើយោងតាមច្បាប់របស់ប្រទេស ប្រព័ន្ធផ្សព្វផ្សាយមានកាតព្វកិច្ចដើរតួនាទីជាប្រភពនៃការពិត, ការអប់រំ, មគ្គុទេសក៍, និងការតស៊ូ ហើយលោកមានបំណងចង់ឲ្យស្ថាប័នផ្សព្វផ្សាយទាំងអស់ផ្តល់នូវព័ត៌មានតាមលក្ខណៈបែបវិទ្យាសាស្រ្តពិតៗ ហើយនេះគួរតែក្លាយជាលក្ខណៈសម្បតិ្តសំខាន់ទីប្រាំរបស់វាដើម្បីការពារកុំឲ្យប្រព័ន្ធផ្សាព្វផ្សាយដឹកនាំអ្នកទស្សនានិងសាធារណជនដើរផ្លូវខុសសំដៅទៅរកការគិតបែបអបិយជំនឿ។
លើសពីនេះទៀតសមាជិករដ្ឋសភាជាតិឡាវជាច្រើនរូបទៀត បានលើកឡើងបន្ថែមថា វាគឺជារឿងចាំបាច់មួយដែលអ្នកសារព័ត៌មានត្រូវចេះភាសាបរទេស ដូចជាភាសាអង់គ្លេសជាដើម។ គួរបញ្ជាក់ថាប្រទេសឡាវត្រូវបានចាត់ទុកជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងមានសេដ្ឋកិច្ចរីកចំរើនលឿនគួរឲ្យកត់សម្គាល់ ខណៈវិស័យព័ត៌មានក៏កំពុងមានសក្តានុពលខ្លាំងផងដែរក្នុងការបម្រើដល់ប្រជាជនជិត៧លាននាក់របស់ខ្លួន៕