(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះ នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសដៃគូសំខាន់ៗចំនួន៣ របស់សហរដ្ឋអាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ា រួមមាន អារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម។ វាមិនទាន់ច្បាស់នៅឡើយទេថាតើអ្វីទៅដែលលោក ត្រាំសង្ឃឹមថានឹងសម្រេចបាន។ លោកប្រហែលជាអាចស្វែងរកការចុះកិច្ចព្រមព្រៀងលក់អាវុធ និងការវិនិយោគនៅក្នុងសហរដ្ឋអាមេរិក។ ដូច្នេះតើលោក ត្រាំ ចង់បានអ្វីពីបណ្ដាប្រទេសអារ៉ាប់ទាំងនេះ?

* អ្វីទៅជារបៀបវារៈ?
ដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងសប្ដាហ៍នេះអាចនឹងផ្តោតមួយផ្នែកធំលើសេដ្ឋកិច្ច។ លោក ត្រាំ រំពឹងថាអាចនឹងស៊ីញេលើកិច្ចព្រមព្រៀងលក់អាវុធមានតម្លៃ ១០០ពាន់លានដុល្លារជាមួយអារ៉ាប៊ីសាអូឌីត ហើយជំរុញឱ្យបណ្ដាប្រទេសអារ៉ាប់បង្កើនការវិនិយោគក្នុងសេដ្ឋកិច្ចអាមេរិក។ អារ៉ាប៊ីសាអូឌីតត្រូវបានគេមើលឃើញថាហាក់ចង់បង្ហាញថាខ្លួនឯងគឺជា ដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក នៅបន្ទាប់ពីលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី ដោយព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានលើកឡើងពីគម្រោងវិនិយោគ ៦០០ពាន់លានដុល្លាររបស់អារ៉ាប៊ីសាអូឌីតនៅសហរដ្ឋអាមេរិក។ លោក ត្រាំវិញក៏មានប្រយោជន៍ផ្ទាល់ខ្លួនត្រូវគិតគូរដែរ។ តាមកាសែតអាមេរិក New York Times មុខរបររកស៊ីរបស់គ្រួសារលោក ត្រាំ បានទទួលផលចំណេញរាប់លានដុល្លារពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនដែលមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអូឌីត។

លោក ត្រាំ ក៏អាចនឹងប្រើដំណើរទស្សនកិច្ចនេះដើម្បីបញ្ចុះបញ្ចូលបណ្ដាប្រទេសអារ៉ាប់ បញ្ចុះតម្លៃប្រេងផងដែរ។ អំឡុងអាណត្តិរបស់លោក ចូ បៃដិន អារ៉ាប៊ីសាអូឌីតបានបង្ហាញថាខ្លួនមិនចាប់អារម្មណ៍ ឡើយក្នុងការប្រើប្រាស់ប្រេងរបស់ខ្លួន ដើម្បីជួយសហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត ទីក្រុងរីយ៉ាដថែមទាំងធ្វើឱ្យសេតវិមានខកចិត្តទៀតផង ជាមួយការកាត់បន្ថយការផលិតប្រេងដែលធ្វើឱ្យប្រេង ឡើងថ្លៃ បង្កឱ្យនយោបាយរបស់លោក ចូ បៃដិន អាប់អួរ និងបង្កើនប្រាក់ចំណូលដល់រុស្ស៉ីពីវិស័យប្រេង ក្នុងពេលសហរដ្ឋអាមេរិកដឹកនាំលោកខាងលិចដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ តែការបញ្ចុះតម្លៃប្រេងក៏ជារឿងគ្រោះថ្នាក់សម្រាប់អារ៉ាប៊ីសាអូឌីតដែរ ដ្បិតរីយ៉ាដត្រូវការចំណូលជាអតិបរមាពីការលក់ប្រេង លើសពីវិស័យផ្សេងទៀតដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងកញ្ចប់ថវិកា។ ក្រៅពីនេះ ដំណើរទស្សនកិច្ចរបស់លោក ត្រាំអាចនឹងគ្របដណ្ដប់លើនយោបាយក្នុងតំបន់។ រដ្ឋាភិបាលអារ៉ាប់កំពុងមានមន្ទិលសង្ស័យថាតើសហរដ្ឋអាមេរិកអាចនឹងស្នើឱ្យពួកគេ ត្រៀមលក្ខណៈសម្រាប់សង្រ្គាម ឬសន្តិភាពជាមួយអ៉ីរ៉ង់ ដែរឬក៏យ៉ាងណានោះទេ? ជាការពិតណាស់ អ៉ីរ៉ង់និងកម្មវិធីនុយក្លេអ៊ែរជាសំណុំរឿងដ៏សំខាន់បំផុត។ កាលពីលោក ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ អារ៉ាប៊ីសាអូឌីត ក្នុងឆ្នាំ២០១៧ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតរ៉ាប់រួមបានព្យាយាមបញ្ចុះបញ្ចូលឱ្យលោក ត្រាំ លុបចោលគោលនយោបាយការទូតបន្សល់ទុកដោយជំនាន់របស់លោក អូបាម៉ា ហើយប្រកាន់យកគោលនយោបាយតឹងរ៉ឹងប្រឆាំងអ៉ីរ៉ង់។

ប៉ុន្តែក្រោយមកទៀត ជំហររបស់ពួកគេស្រាប់តែមានការប្រែប្រួល។ ក្នុងឆ្នាំ២០១៩ ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ បានវាយប្រហារលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត។ តាមរយៈការសម្រេចចិត្តមិន ចាត់វិធានការយោធាតបត រដ្ឋបាលលោក ត្រាំបានធ្វើឱ្យមេដឹកនាំអារ៉ាប់ស្រឡាំងកាំង ដោយសារតែសន្តិសុខរបស់ពួកគេគឺពឹងផ្អែកលើការធានាការពារពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកនៅពេលនោះ ក៏បានធ្វើឱ្យមេដឹកនាំអារ៉ាប់ខកចិត្តផងដែរ ជុំវិញការចាត់វិធានការឆ្លើយតបតមានដែនកំណត់មួយប្រឆាំងនឹងការវាយប្រហារមួយរបស់ក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់លើទីក្រុង Abu Dhabi ក្នុងឆ្នាំ២០២២។ ការវាយប្រហារទាំងនោះបានដាស់រំឮកបណ្ដាប្រទេសអារ៉ាប់ថាពួកគេនឹងក្លាយជាគោលដៅទី១របស់អ៉ីរ៉ង់ក្នុងករណីសង្រ្គាមក្នុងតំបន់ណាមួយផ្ទុះឡើង ហើយពួកគេនឹងត្រូវពឹងលើខ្លួនឯងមួយផ្នែកធំ។ ម្លោះហើយ សព្វថ្ងៃនៅពេលអ៉ីស្រាអែលជំរុញឱ្យសហរដ្ឋអាមេរិកវាយប្រហារលើអ៉ីរ៉ង់ អារ៉ាប់បានលេចមុខជាថ្មីក្នុងនាមជាអ្នកប្រឆាំងនឹងសង្រ្គាម រហូតដល់អារ៉ាប៊ីសាអូឌីតចុះកិច្ចព្រមព្រៀងភ្ជាប់ ទំនាក់ទំនងការទូតឡើងវិញជាមួយតេហេរ៉ង់ក្រោមការសម្របសម្រួលពីចិន។

* ពិបាកបញ្ចុះបញ្ចូល
លោក ដូណាល់ ត្រាំ បានចាត់ទុកកិច្ចព្រមព្រៀងសន្តិភាព «Abraham Accords» គឺជាសមិទ្ធផលការទូតដ៏អស្ចារ្យបំផុតមួយដែលលោកសម្រេចបានកាលពីអាណត្តិទី១។ ដូច្នេះច្បាស់ណាស់ លោក ត្រាំ​មុខជាចង់ឃើញអារ៉ាប៊ីសាអូឌីតយល់ព្រមចូលរួមក្នុងកិច្ចព្រមព្រៀងនេះដែរ អំឡុងទស្សនកិច្ចរបស់លោក ដើម្បីអាចឱ្យលោកប្រកាសប្រាប់គេឯងថាលោកសម្រេចបានជោគជ័យនូវអ្វីដែលលោក ចូ បៃដិន មិនអាចធ្វើបាន។ តាមក្រុមអ្នកវិភាគ ប្រសិនបើសង្រ្គាមនៅហ្កាហ្សាមិនផ្ទុះឡើងទេ ម្ល៉េះព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ានប្រហែលជានឹងចុះកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងការទូតជាប្រក្រតីជាមួយអ៉ីស្រាអែល ទុកជាអំណោយសម្រាប់លោក ត្រាំ។ ប៉ុន្តែការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលសម្លាប់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សាស្ទើររាល់ថ្ងៃ បានធ្វើឱ្យការភ្ជាប់ទំនាក់ទំនងជាប្រក្រតីនេះក្លាយជារឿងមួយ ដ៏ពិបាក។ ទោះបីជាមេដឹកនាំអារ៉ាប់មើលទៅហាក់មិនសូវខ្វល់ពីប្រជាជនប៉ាឡេស្ទីនក៏ដោយ តែប្រជាជនរបស់ពួកគេគឺមិនដូច្នោះទេ។

រដ្ឋាភិបាលអារ៉ាប់សព្វថ្ងៃ បារម្ភពីបញ្ហាតែមួយគត់គឺការខឹងសម្បារ ឬការងើបឡើងបះបោរណាមួយ ដែលនេះធ្វើឱ្យពួកគេត្រូវតាមដានយ៉ាងយកចិត្តទុកដាក់លើអារម្មណ៍ប្រជាជនរបស់ខ្លួន។ ពីព្រោះ សង្រ្គាមនៅហ្កាហ្សា បានធ្វើឱ្យប្រជាជនអារ៉ាប់ឃើញអ៉ីស្រាអែល និងសហរដ្ឋអាមេរិកជាសភាវៈអាក្រក់ ដែលនេះបង្កើនការស្ទាក់ស្ទើររបស់ព្រះអង្គម្ចាស់ប៊ីនសាល់ម៉ាន។ មេដឹកនាំអារ៉ាប់បារម្ភយ៉ាងខ្លាំង ចំពោះ «ហ្គេមបញ្ចប់» របស់អ៉ីស្រាអែល និងលោក ត្រាំ ចំពោះហ្កាហ្សា និងតំបន់ West Bank។ កាលពីខែកុម្ភៈកន្លងទៅ លោក ត្រាំ បានលើកឡើងពីផែនការបណ្ដេញប្រជាជនប៉ាឡេស្ទីនជាង ២លាននាក់ចេញពីតំបន់ហ្កាហ្សាទៅកាន់ប្រទេសក្បែរខាងដូចជាអេហ្ស៉ីប និងហ្ស៊កដានី ដើម្បីទុកឱ្យលោកប្រែក្លាយហ្កាហ្សាទៅជា «ឋានសួគ៌អចលនទ្រព្យ»។ ផែនការនេះបានធ្វើឱ្យមេដឹកនាំអារ៉ាប់ ភិតភ័យ។ ភ័យមិនមែនដោយសារតែហេតុផលមនុស្សធម៌ប៉ុណ្ណោះទេ តែគឺលំហូរប្រជាជនប៉ាឡេស្ទីនទ្រង់ទ្រាយធំដែលអាចនឹងបង្កអស្ថិរភាពដល់បណ្ដាប្រទេសអារ៉ាប់ផ្សេងទៀតដែលទទួលយកពួកគេ។ កាតាបារម្ភថាខ្លួនអាចនឹងត្រូវបានគេទម្លាក់កំហុសថាបានបរាជ័យក្នុងការសម្របសម្រួលរវាងអ៉ីស្រាអែល និងហាម៉ាស។ រីឯអេមីរ៉ាតអារ៉ាប់រួមបារម្ភថាទីក្រុងវ៉ាស៊ីនតោននឹងប្រគល់ភារកិច្ចមកឱ្យខ្លួនចំណាយលុយលើសាងសង់ហ្កាហ្សាឡើងវិញ ខណៈអារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់ទាំងអស់សុទ្ធតែបារម្ភដូចគ្នាៗថាសង្រ្គាមគ្មានទីបញ្ចប់ក្នុងតំបន់ហ្កាហ្សាអាចនឹងធ្វើឱ្យប្រជាជនរបស់ពួកគេងើបឡើងបះបោរ។

លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Netanyahu បានគំរាមថានឹងអនុវត្តផែនការចូលកាន់កាប់តំបន់ហ្កាហ្សា ប្រសិនបើមិនមានបទឈប់បាញ់នៅមុនថ្ងៃទី១៥ ខែឧសភា ចំថ្ងៃទស្សនកិច្ចរបស់លោក ត្រាំ ក្នុងតំបន់មជ្ឈិមបូព៌ាទេនោះ។ ដូច្នេះតាមរយៈការរៀបចំកិច្ចប្រជុំជាមួយលោក ត្រាំ ចំពេលការគំរាមរបស់អ៉ីស្រាអែល រដ្ឋាភិបាលអារ៉ាប់កំពុងប្រថុយធ្វើឱ្យគេមើលឃើញថាពួកគេហាក់ដូចជាកំពុងចូលដៃចូលជើងក្នុងការបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ពួកគេក៏សង្ឃឹមផងដែរថាអាចនឹងមានទឹកមាត់ប្រៃនិយាយជាមួយលោក ត្រាំ ដែលជាមនុស្សអាចប្រែប្រួលបានគ្រប់ពេលវេលា៕