(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបាននិយាយថានៅថ្ងៃចន្ទនេះថា កូរ៉េខាងជើងអាចនឹងបាញ់សាកល្បងគ្រាប់ មីស៊ីលផ្លោងរយៈចំងាយមធ្យម Musudan នៅចំថ្ងៃដែលប្រជាជនអាមេរិកនាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី របស់ពួកគេនៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយនៅមុន នេះបន្តិចដោយសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រភពដដែលបានឱ្យដឹងទៀតថា «ការរំពឹងទុកចំពោះការបាញ់សាកល្បងមីស៊ីលពីសំណាក់កូរ៉េខាងជើងបានធ្វើឡើងចំពេលដែលក្រុមអ្នកជំនាញបានសន្និដ្ឋានថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោង Musudan នៅអំឡុងថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឬក៏ថ្ងៃប្រកាសលទ្ធផលដើម្បី ជាសារព្រមានដល់ប្រធានាធិបតីអាមេរិកថ្មី»។ ម្យ៉ាងវិញទៀតបើគេចាំមិនភ្លេចទេ ជាទម្លាប់កូរ៉េខាងជើងតែងតែដឹកនាំការបាញ់សាកល្បងមីស៊ីលនានា នៅពេលពិភពលោករៀបចំព្រឹត្តិការណ៍ធំៗម្ដងៗ ជាឧទាហរណ៍ដូចជាកិច្ចប្រជុំកំពូល G20 កាលពីប៉ុន្មានខែមុននេះ ឬក៏ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីជំនាន់លោក បារ៉ាក់ អូបាម៉ា ជាដើម។
គួរបញ្ជាក់ថាបើតាមប្រភពយោធាកូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាងទំនងជាកំពុងរៀបចំការបាញ់សាកល្បង មីស៊ីលប្រភេទ Musudan នៅក្នុងតំបន់ Kusong នៃខេត្ត Pyongan ភាគខាងជើងដែលជាទីកូរ៉េខាងជើង ធ្លាប់បានបាញ់សាកល្បងមីស៊ីល Musudan កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅនេះ ខណៈទីក្រុងសេអ៊ូល និងសហរដ្ឋមេរិក ក៏កំពុងតាមដានផងដែរសកម្មភាពកូរ៉េខាងជើង នៅក្នុងតំបន់ដែលអាចមានការសាកល្បងអាវុធនុយក្លេអ៊ែរឈ្មោះ Punggye-ri នោះ៕