(វ៉ាស៊ីនតោន)៖ យោងតាមការផ្សាយរបស់សារព័ត៌មាន CNN ប្រជាជនអាមេរិកបានចាប់ផ្ដើមរាប់ថយក្រោយ (Countdown) ហើយចំពោះការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីរបស់ពួកគេ ដែលនឹងត្រូវបានប្រព្រឹត្តទៅ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ម៉ោងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅអាមេរិកក្តីក៏ទូទាំងពិភពលោក បាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតដែរ ចាប់តាំងពីការរើសបេក្ខជនប្រធានាធិបតីពីដំបូងៗមកម្ល៉េះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ នឹងត្រូវប្រកាសនាពេល០២ថ្ងៃខាងមុខទៀតនេះ ដែលមានបេក្ខជនតែពីរូបប៉ុណ្ណោះដែលត្រូវឡើងទៅប្រកួតប្រជែងរួមមាន លោកស្រី ហ៊ីលឡារី គ្លីន តុន និងលោក ដូណាល់ ត្រាំ ក្រោយពេលការរាប់សន្លឹកឆ្នោតនៅថ្ងៃបញ្ចប់ការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយប្រធានាធិបតីអាណត្តិថ្មី ជំនួសលោក បារ៉ាក់ អូបាម៉ា នឹងត្រូវតែងតាំងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថាលោកស្រី គ្លីនតុន ជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកក្នុងអាណត្តិទី១ របស់ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា និងជាសមាជិកព្រឹទ្ធសភានៃរដ្ឋញូយ៉ក។ ដោយឡែកលោក ដូណាល់ ត្រាំ គឺជាបេក្ខជនប្រធានាធិបតីអាមេរិក ដែលជាពាណិជ្ជករដ៏ល្បីមួយរូបនៅទីក្រុងញូយ៉ក។
សម្រាប់លទ្ធផលនៃការបោះឆ្នោតនៅអាមេរិកដែលនឹងត្រូវប្រកាសជាលើកដំបូងនៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា នោះគឺត្រូវជាពេលព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ពេលវេលានៅប្រទេសកម្ពុជា ដូច្នេះគ្រប់គ្នាអាចរង់ចាំតាមដានលទ្ធផលជាបឋមចាប់ពីវេលាម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ៕