(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ ឬ FBI បានប្រកាសថាខ្លួននៅតែប្រកាន់ជំហរមិនប្ដឹងលោកស្រី ហ៊ីលឡារី គ្លីនតុន បន្ទាប់ពីការស៊ើបអង្កេតបង្ហាញថា មិនមានបទឧក្រិដ្ឋណាមួយត្រូវបានរកឃើញ ឬអាចដាក់បន្ទុកលើបេក្ខភាពប្រធានាធិបតីអាមេរិក នៃគណបក្សប្រជាធិបតេយ្យរូបនេះបានជុំវិញរឿងអាស្រូវ Email ដែលគេចោទថា លោកស្រីបានប្រើប្រាស់ Email ឯកជននៅអំឡុងពេលធ្វើជារដ្ឋមន្ត្រីការបរទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងលិខិតមួយផ្ញើជូនសភាអាមេរិក, នាយក FBI លោក James Comey បាននិយាយថា «ក្រុមអ្នកស៊ើបអង្កេត FBI បានធ្វើការងារទំាងយប់ទាំងថ្ងៃ ដើម្បីត្រួតពិនិត្យសារអេឡិចត្រូនិក (Email) យ៉ាងច្រើនសន្ធឹកសន្ធាប់ បានមកពីឧបករណ៍ទទួលសារមួយនៅក្នុងក្របខ័ណ្ឌ នៃការស៊ើបអង្កេតលើបទឧក្រិដ្ឋមួយផ្សេងទៀត។ ប៉ុន្តែក្នុងពេលជាមួយគ្នាយើងបានត្រួតពិនិត្យលើ Email របស់លោកស្រី គ្លីនតុន កាលពីលោកស្រីនៅជារដ្ឋមន្ត្រី ការបរទេស ហើយយើងក៏មិនបានរកឃើញបទឧក្រិដ្ឋណាមួយនោះដែរ ពោលគឺដូចគ្នាទៅនឹងអ្វីដែលយើង ធ្លាប់បានអះអាងកាលពីខែកក្កដា»។
ដោយឡែករឿងនេះដែរ នៅក្នុងពិធីជួបជុំអ្នកគាំទ្រនៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota បេក្ខភាព ប្រធានាធិបតិអាមេរិក នៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ មិនបានបញ្ចេញប្រតិកម្មដោយផ្ទាល់នោះទេ ចំពោះការសម្រេចចិត្តរបស់ FBI ដែលមិនព្រមប្ដឹងលោកស្រី គ្លីនតុន ដោយលោកគ្រាន់តែលើកឡើងថា ហ៊ីលឡារី គ្លីន បានក្លាយជាកម្មវត្ថុនៃការស៊ើបអង្កេតជាយូរណាស់មកហើយ៕