Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រឿងអាស្រូវ​ប្រធានាធិបតីកូរ៉េខាងត្បូង៖ តុលាការសម្រេចចេញដីកាចាប់ខ្លួនអតីតទីប្រឹក្សាពីររូប របស់លោកស្រី ផាក គឺនហេ

07-11-2016 00:45

(សេអ៊ូល)៖ តុលាការក្នុងទីក្រុងសេអ៊ូល នៅថ្ងៃអាទិត្យបានចេញដីកាចាប់ខ្លួនអតីតទីប្រឹក្សាពីររូប របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ នៅក្នុងក្របខណ្ឌ នៃការស៊ើបអង្កេតជុំវិញរឿងអាស្រូវពាក់ព័ន្ធនឹងស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ហើយដែលការចាប់ខ្លួននេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ នៅបន្ទាប់ពី ប្រជាជនក្នុងទីក្រុងសេអ៊ូលរាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ាទាមទារឱ្យលោកស្រី ផាក គឺនហេ ចុះចេញពីមុខតំណែង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នាថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ តុលាការទីក្រុងសេអ៊ូល គូសបញ្ជាក់ថា បានផ្ដល់ដីកាដល់ក្រុមរដ្ឋអាជ្ញា ដើម្បីចាប់ខ្លួនអតីតទីប្រឹក្សាពីររូប របស់លោកស្រី ផាក គឺនហេ គឺលោក អាន់ ឈុងប៊ុម (An Chong-bum) និង លោក ជុង ហូស៊ុង (Jeong Ho-seong) ដោយក្នុងនោះក្រុមរដ្ឋអាជ្ញាបានដាក់ការសង្ស័យលើ លោក អាន់ ថាបានសហការជាមួយស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ក្នុងការបង្ខំឱ្យបណ្ដាក្រុមហ៊ុនមួយចំនួនបង់ប្រាក់ដល់ ទៅជិត៧០លានដុល្លារអាមេរិកដល់មូលនិធិ សប្បុរសធម៌ចំនួនពីរ ដែលគ្រប់គ្រងដោយស្ត្រី ឆយ ស៊ូនស៊ីល។ លោក លោក អាន់ ឈុងប៊ុម និងលោក ជុង ហូស៊ុង សុទ្ធតែបានលាលែងពីតំណែងហើយ កាលពីខែតុលា ក្រោយរឿងស្រូវ លោកស្រី ផាក ផ្ទុះឡើង។

សូមជំរាបថា កាលពីថ្ងៃសុក្រ កន្លងទៅ លោកស្រី ផាក គឺហេ បានសម្ដែងការសោកស្ដាយ និងសូមទោសសារ ជាថ្មីជុំវិញរឿងអាស្រូវរបស់លោកស្រី ហើយថែមទំាងបានអះអាងថា នឹងទទួលយកការស៊ើបអង្កេតនៅក្នុងករណីចាំបាច់។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី កាលពីថ្ងៃសៅរ៍ ប្រជាជនក្នុងទីក្រុងសេអ៊ូលជាង៥០០០០ នាក់ បើតាមអ្នករៀបចំបាតុកកម្មតវ៉ាបាននិយាយថា ការប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាទាមទារឱ្យលោកស្រី ផាក គឺនហេ លាលែងពីតំណែងជាប្រធានាធិបតី៕