Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមមន្រ្តីយោធាឥណ្ឌា-ប៉ាគីស្ថាន នឹងពិភាក្សាគ្នាអំពីជំហានបន្ទាប់ទៀត ក្រោយបទឈប់បាញ់មានភាពនឹងនរ (Video inside)

12-05-2025 13:55

(ញូវដែលី)៖ មេបញ្ជាការប្រតិបត្តិការយោធាឥណ្ឌានិងប៉ាគីស្ថាន នាថ្ងៃចន្ទនេះ នឹងពិភាក្សាអំពីជំហានបន្ទាប់សម្រាប់ប្រទេសទាំងពីរ ក្រោយបទឈប់បាញ់បានស្តារឡើងវិញ នូវមានភាពស្ងប់ស្ងាត់តាមបណ្តោយព្រំប្រទល់ បន្ទាប់ពីភាគីទាំងពីរបានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា អស់រយៈពេលប៉ុន្មានថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥។

កាលពីវេលាយប់កន្លងទៅនេះ មិនមានសេចក្តីរាយការណ៍ទៀតឡើយ អំពីសំឡេងផ្ទុះឬការបាញ់ផ្លោង ក្រោយមានការបំពានខ្លះៗនៅពេលដំបូង បន្ទាប់ពីសម្រេចបានបទឈប់បាញ់។ ខាងកងទ័ពឥណ្ឌាបាននិយាយថា ចន្លោះយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទនេះ គឺជាយប់ស្ងប់ស្ងាត់ដំបូងបង្អស់ គិតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នៅតាមបណ្តោយព្រំប្រទល់។

បទឈប់បាញ់ខាងលើរវាងឥណ្ឌានិងប៉ាគីស្ថាន ដែលសម្រេចបានកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោយរយៈពេល៤ថ្ងៃ នៃការប្រយុទ្ធគ្នាដ៏តានតឹង រួមជាមួយកិច្ចប្រឹងប្រែងការទូតនិងសម្ពាធឱ្យបន្ធូរបន្ថយជម្លោះ ពីសំណាក់​ទីក្រុងវ៉ាស៉ីនតោន។

គួរបញ្ជាក់ថា សត្រូវចាស់ទាំងពីរបានបាញ់កាំភ្លើងធំ យន្តហោះដ្រូន និងមីស៉ីលដាក់គ្នាទៅវិញទៅមក ហើយបណ្តាលឱ្យមាន​មនុស្សស្លាប់ យ៉ាងហោចជាង៤០នាក់ ខណៈទំនាក់ទំនងបានធ្លាក់ចុះដល់ចំណុចដ៏ទាបបំផុតមួយ បន្ទាប់ពីឥណ្ឌាបានទម្លាក់កំហុសលើប៉ាគីស្ថាន សម្រាប់ករណីបាញ់រះដ៏សាហាវមួយ ដែលបានសម្លាប់អ្នកទេសចរ២៦នាក់ នៅតំបន់ Kashmir ប៉ែកគ្រប់គ្រងដោយឥណ្ឌា៕