(វ៉ាស៉ីនតោន)៖ កាលពីយប់ថ្ងៃអាទិត្យ ទី១១ ខែឧសភា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយជាមួយរដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស លោក David Lammy និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក្នុងជំនួបតាមទូរសព្ទដាច់ដោយឡែកពីគ្នា ហើយបានបញ្ជាក់ជាថ្មីនូវគោលជំហររបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Lammy និងលោក Rubio ក៏បានពិភាក្សាគ្នាផងដែរអំពីភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាន ហើយបានអំពាវនាវដល់ប្រទេសដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរនេះ រក្សាបទឈប់បាញ់ឱ្យរឹងមាំហើយបន្តធ្វើការទាក់ទងរវាងគ្នា។ លោក Rubio បាននិយាយថា អាមេរិកគាំទ្រការសន្ទនាគ្នាផ្ទាល់រវាងឥណ្ឌានិងប៉ាគីស្ថាន ហើយលើកទឹកចិត្តឱ្យភាគីទាំងពីរ បន្តប្រឹងប្រែងធ្វើឱ្យការទាក់ទងកាន់តែប្រសើរឡើង។
ដោយឡែក ក្នុងជំនួបតាមទូរសព្ទដាច់ ជាមួយលោក Merz លោក Rubio បានសាទររូបលោក ដែលទើបតែជាប់ជាអធិការបតីអាល្លឺម៉ង់ថ្មី ហើយបានជជែកគ្នា អំពីគោលដៅរួមរបស់ប្រទេសទាំងពីរ ក្នុងការជួយស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមដែលកំពុងបន្តអូសបន្លាយ នៅអ៊ុយក្រែន៕