(ហាណូយ)៖ វៀតណាម និងរុស្ស៉ី បានឯកភាពថានឹងបើកកិច្ចចរចាឆាប់ៗ ហើយនឹងចុះកិច្ចព្រមព្រៀងលើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសវៀតណាម។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរវាងប្រទេសទាំង២ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្ដីថ្លែងការណ៍រួមខាងលើដដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម លោក To Lam ទៅកាន់ទីក្រុងមូស្គូ បានឱ្យដឹងថា «ការអភិវឌ្ឍរោងចក្រជាមួយបច្ចេកវិទ្យាទំនើប នឹងត្រូវអនុលោមតាមយ៉ាងម៉ឺងម៉ាត់ជាមួយបទដ្ឋានសុវត្ថិភាពនុយក្លេអ៊ែរ និងសារធាតុវិទ្យុសកម្ម ហើយដើម្បីផលចំណេញនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច»។ តាមសេចក្ដីថ្លែងការណ៍នេះដដែល វៀតណាម និងរុស្ស៉ី ក៏បានឯកភាពគ្នាដែរលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេង និងឧស្ម័ន ក្នុងនោះរួមមានការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិសម្រាប់វៀតណាម។

វៀតណាម បានចាប់ផ្ដើមគម្រោងអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានផ្អាករយៈពេលជិតមួយទសវត្សរ៍មកនេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពផលិតថាមពល ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ខ្លួន។ រដ្ឋាភិបាលវៀតណាមកាលពីដើមឆ្នាំ២០២៥ ក៏បានរៀបចំកិច្ចពិភាក្សាជាមួយដៃគូបរទេសមួយចំនួនផងដែរអំពីគម្រោងថាមពលនុយក្លេអ៊ែរ ក្នុងនោះរួមមាន រុស្ស៉ី ជប៉ុន កូរ៉េខាងត្បូង បារាំង និងសហរដ្ឋអាមេរិក៕