* ឈ្មោះពេញ Hillary Diane Rodham
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី២៦-តុលា-១៩៤៧ អាយុ៦៨ឆ្នាំ
* កន្លែងកំណើត៖ ទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក
* បក្សនយោបាយ៖ បក្សសាធារណរដ្ឋនៅមុនឆ្នាំ១៩៦៨ បក្សប្រជាធិបតេយ្យក្រោយឆ្នាំ១៩៦៨ ដល់បច្ចុប្បន្ន។
* ស្វាមី៖ លោក Bill Clinton (រៀបការឆ្នាំ១៩៧៥)
* កូន៖ លោកស្រី Chelsea
* សិក្សា៖ សាលា Wellesley College និងសាកលវិទ្យាល័យ Yale
* កាន់ដំណែងស្ត្រីទីមួយ (First Lady) របស់អាមេរិក៖ ថ្ងៃទី២០-មករា-១៩៩៣ ដល់ ថ្ងៃទី២០-មករា-២០០១
* កាន់ដំណែងសមាជិកសភាពីថ្ងៃទី០៣-មករា-២០០១ ដល់ ថ្ងៃទី២១-មករា-២០០៩
* កាន់ដំណែងរដ្ឋមន្ត្រីការបរទេសអាមេរិកទី៦៧ ពីថ្ងៃទី២១ មករា ២០០៩ ដល់ថ្ងៃទី១-កុម្ភៈ-២០១៣
* ក្លាយជាបេក្ខជនប្រធានាធិបតីដំណាងបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតឆ្នាំ២០១៦
លោកស្រី ហ៊ីលឡារី គ្លីនតុន ជាអ្នកនយោបាយជនជាតិអាមេរិក និងជាបេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។ លោកស្រីជាបេក្ខជនស្ត្រីទីមួយ ដែលអាចកាន់កាប់ដំណែងនេះក្នុងបក្សនយោបាយដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក។ លោកស្រីធ្លាប់ជារដ្ឋមន្ត្រីការបរទេសចាប់ពីឆ្នាំ២០០៩-២០១៣ កន្លងទៅនេះ និងជាសមាជិកសភាជាន់ទាប ដំណាងទីក្រុងញូវយ៉ក ពីឆ្នាំ២០០១-២០០៩ ព្រមទាំងកាន់តំណែងជាស្ត្រីទីមួយ (First Lady) របស់សហរដ្ឋអាមេរិកក្នុងអំឡុងនៃការកាន់អំណាចរបស់លោក ប៊ីលគ្លីនតុន ដែលជាស្វាមីពីឆ្នាំ១៩៩៣-២០០១។
* ជីវិតពីកុមារភាព និងការអប់រំ
ហ៊ីលឡារី កើតនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៤៦ នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង Chicago រដ្ឋ Illinois។ ក្មេងស្រីរូបនេះ មានឪពុកឈ្មោះ Hugh Ellsworth Rodham ស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំ១៩៩៣ លោកធ្លាប់ទទួលបានជោគជ័យក្នុងអាជីពមួយនៅរោងចក្រកាត់ដេរ។ ម្តាយជាស្ត្រីមេផ្ទះ ដែលកាត់ច្រើនជាតិសាសន៍។ ហ៊ីលឡារីមានបងប្អូនប្រុសពីរនាក់ ដែលមានឈ្មោះថា Hugh និង Tony ។
ក្នុងនាមជាក្មេងស្រីម្នាក់ នាងធ្លាប់ជាប់ឈ្មោះជាសិស្សសំណប់របស់គ្រូប្រចាំសាលា។ នាងធ្លាប់ចូលរួមក្នុងសកម្មភាពកីឡាផ្សេងៗ និងទទួលបានរង្វាន់ជាច្រើន។ ក្មេងស្រីរូបនេះ មានចំណង់ចំណូលចិត្តស្វែងយល់ពីលំហអាកាស រហូតធ្លាប់សរសេរលិខិតសួរសំនួរទៅកាន់អង្គការណាសា ក្នុងអំឡុងឆ្នាំ១៩៦១ ថា តើខ្លួនគួរធ្វើបែបណាខ្លះដើម្បីក្លាយជាអ្នកជំនាញលំហអាកាស។ ប៉ុន្តែចម្លើយដែលទទួលបាន គឺគេតែងតែលើកឡើងថា ស្ត្រីមិនអាចធ្វើកិច្ចការនេះបានឡើយ។ ស្រ្តីរូបនេះធ្លាប់ជាប់ឆ្នោតជាអនុប្រធានថ្នាក់ ក្នុងពេលសិក្សាក្នុងឆ្នាំទីមួយ ប៉ុន្តែសម្រាប់ឆ្នាំបញ្ចប់បែរជាត្រូវចាញ់ឆ្នោត នៅពេលប្រកួតប្រជែងជាមួយក្មេងប្រុសពីរនាក់ ក្នុងនោះមានម្នាក់បានចំអកទៅនាងថា នាងពិតជាឆ្កួតមែនទែនហើយ ប្រសិនបើនាងគិតថា ស្រី្តអាចធ្វើជាប្រធានថ្នាក់បាននោះ។ នៅពេលបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៦៥ លោកស្រីជាប់ជាសិស្សឆ្នើមម្នាក់ក្នុងចំណោមប្រាំនាក់។
ឪពុករបស់នាងគិតថា សមត្ថភាព និងឱកាសការងារកូនស្រីរបស់លោក មិនគួរត្រូវបានរារាំងដោយសារបញ្ហាភេទនោះទេ។ ស្ថិតក្នុងវ័យត្រឹមតែ១៣ឆ្នាំ ដោយសារការតាមដានយ៉ាងដិតដល់ចំពោះដំណើរការនៃការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីក្នុងឆ្នាំ១៩៦០ ក្មេងស្រីរូបនេះអាចរកឃើញភស្ថុតាងដែលបង្ហាញពីការបំភាន់សន្លឹកឆ្នោត ប្រឆាំងនឹងបេក្ខជនប្រធានាធិបតី Richard Nixon ដែលមកពីបក្សសាធារណរដ្ឋ។ ក្រោយមកនាង ក៏បានធ្វើជាអ្នកស្ម័គ្រចិត្តក្នុងកិច្ចការឃោសនាបោះឆ្នោត របស់បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណៈរដ្ឋ គឺលោក Barry Goldwater។ ការអភិវឌ្ឍន៍ចំណេះនយោបាយរបស់ក្មេងស្រី ហ៊ីលឡារី តាំងពីវ័យក្មេងភាគច្រើនបានមកពីគ្រូបង្រៀនផ្នែកប្រវត្តិសាស្រ្ត រដ្ឋមន្ត្រីយុវជន មេដឹកនាំក្រុមសិទ្ធមនុស្សក្នុងឆ្នាំ១៩៦២ជាដើម។
ក្នុងឆ្នាំ១៩៦៥ កញ្ញា ហ៊ីលឡារី ចូលរៀននៅសាលា Wellesley ក្នុងផ្នែកវិទ្យាសាស្រ្តនយោបាយ ហើយក្នុងឆ្នាំទីមួយ នាងបានធ្វើជាប្រធានអង្គការ Yong Republicans។ ក្រោយមកនាងបានចុះចេញពីដំណែងដោយសារការផ្លាស់ប្តូរទស្សននយោបាយ បណ្តាលមកពីចលនា American Civil Rights Movement និងសង្គ្រាមនៅវៀតណាម។
កញ្ញាបានចូលសិក្សានៅក្នុងសាលាច្បាប់។ ដោយសារការរៀនពីររបៀបនៃស្រាវជ្រាវទាំងវ័យក្មេង ធ្វើឲ្យខួរក្បាលមានការវិវឌ្ឍរហូតធ្វើឲ្យនាងក្លាយជាជំនួយការ ផ្នែកស្រាវជ្រាវថែមទៀតផង។ នាងបានធ្វើការស្រាវជ្រាវលើបញ្ហាការងារ លំនៅដ្ឋាន អនាម័យ សុខភាព និងការអប់រំរបស់ជនអន្តោប្រវេសន៍ជាដើម។ នាងបានបំពេញការងារផ្សេងៗជាច្រើន ដែលជម្រុញឲ្យនាងកាន់តែរីកចម្រើនទាំងចំនេះដឹង និងសមត្ថភាព។
ហ៊ីលឡារី ធំដឹងក្តីនៅក្នុងទីក្រុង Chicago និងបានចូលសិក្សានៅសាលា Wellesley College ហើយបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៦៩ និងបញ្ចប់ថ្នាក់បណ្ឌិតផ្នែកច្បាប់ពីសាលា Yale Law School ក្នុងឆ្នាំ១៩៧៣។ បន្ទាប់មក នាងបានបម្រើការងារក្នុងក្រុមប្រឹក្សាច្បាប់របស់សភាអាម៉េរិក។ នាងបានផ្លាស់ទីលំនៅទៅកាន់រដ្ឋ Arkansas ជាពេលដែលស្ត្រីស្រស់ស្អាត និងមានចំណេះដឹងខ្ពស់រូបនេះ បានជួប ព្រមទាំងបានរៀបការជាមួយលោក ប៊ីលគ្លីនតុន ក្នុងឆ្នាំ១៩៧៥។ ក្នុងឆ្នាំ១៩៧៧ ស្ត្រីរូបនេះបានក្លាយជាសហស្ថាបនិកនៃអង្គការ Arkansas Advocates for Children and Families។ លោកស្រីត្រូវបានគេតែងតាំងជាប្រធានស្ត្រីទីមួយរបស់ Legal Services Corporation ក្នុងឆ្នាំ១៩៧៨។ នៅឆ្នាំបន្ទាប់ លោកស្រីបានក្លាយជាដៃគូស្ត្រីរបស់ក្រុមហ៊ុន Rose Law Firm។
* ជីវិតអាពាហ៍ពិពាហ៍
កញ្ញា ហ៊ីលឡារី បានណាត់ជួបលោក ប៊ីលគ្លីនតុន ជាលើកដំបូងក្នុងឆ្នាំ១៩៧០ គឺក្នុងវ័យ២៤ឆ្នាំ។ ក្នុងពេលនោះអ្នកទាំងពីរក៏បានធ្វើយុទ្ធនាការឃោសនា ក្នុងការឈរឈ្មោះជាប្រធានាធិបតីរបស់លោក គ្លីនតុន ក្នុងឆ្នាំ១៩៧២ នៅរដ្ឋTexas ប៉ុន្តែត្រូវបរាជ័យ។ លោក Bill Clinton បានស្នើសុំនាងរៀបការជាលើកដំបូង បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកច្បាប់ ប៉ុន្តែត្រូវនាងបដិសេធ។ ក្រោយមកនាងបានជួបជាមួយលោក Betsey Wright ដែលជាអ្នកប្រឹក្សា នយោបាយរបស់បក្សប្រជាធិបតេយ្យ និងជាមនុស្សម្នាក់ដែលបានត្រួសត្រាយផ្លូវសម្រាប់ការងាររបស់នាង។ Wright គិតថា នាងជាមនុស្សដែលមានសក្តានុពលក្នុងការក្លាយជាសមាជិកសភា ឬប្រធានាធិបតីម្នាក់បាន។ ខណៈនោះដែរ លោក ប៊ីលគ្លីនតុន បានស្នើរៀបការជាមួយនាងម្តងហើយម្តងទៀត ប៉ុន្តែនាងនៅតែបន្តជំទាស់។
បន្ទាប់ពីបរាជ័យក្នុងការប្រឡង ជាពេលដែលនាងត្រូវសម្រេចចិត្តលើរឿងដ៏សំខាន់ក្នុងជីវិត។ នៅពេលនោះហើយ ដែលនាងសរសេរថា «នេះជាពេលដែលខ្ញុំត្រូវសម្រេចចិត្តធ្វើតាមបេះដូងរបស់ខ្ញុំ ជាជាងតាមខួរក្បាលរបស់ខ្ញុំ» ហើយអ្នកទាំងពីរក៏បានរៀបការក្នុងឆ្នាំ១៩៧៥។ ហេតុនេះហើយ បានជានាងត្រូវតាមស្វាមីទៅរស់នៅរដ្ឋ Arkansas ជាជាងស្នាក់នៅក្នុងរដ្ឋធានី Washington ដែលនៅទីនោះការងារហាក់មានភាពប្រសើរជាង។ លោក គ្លីនតុន បានក្លាយជាគ្រូបង្រៀនផ្នែកច្បាប់ និងឈរឈ្មោះជាសមាជិកសភា ដំណាងរដ្ឋរបស់លោក។ ចំណែកភរិយាបានជាក្លាយជាសមាជិកគ្រូបង្រៀនស្ត្រីម្នាក់ក្នុងចំណោមពីរនាក់ នៅសាលាច្បាប់នៅសកលវិទ្យាល័យ Arkansas។
ក្នុងនាមជាស្ត្រីទីមួយរបស់សហរដ្ឋអាម៉េរិក លោកស្រីក៏ធ្លាប់បរាជ័យលើកិច្ចការមួយចំនួនដូចជា កិច្ចខិតខំប្រឹងប្រែងក្នុងការអនុម័តស្តីពីគម្រោង Clinton health plan ក្នុងឆ្នាំ១៩៩៣។ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩ លោកស្រីបានជួយបង្កើតកម្មវិធីធានារ៉ាប់រងសម្រាប់កុមារជាដើម។ មានតែលោកស្រីតែប៉ុណ្ណោះដែលជាប់ឈ្មោះជាស្ត្រីទីមួយរបស់អាម៉េរិក ដែលទទួលដីកាកោះហៅ នៅក្នុងឆ្នាំ១៩៩៦ ទាក់ទងនឹងរឿងអាស្រូវ ពាក់ព័ន្ធនឹងក្រុមហ៊ុនអចលនទ្រព្យដែលមានឈ្មោះថា Whiterwater។ យ៉ាងនេះក្តី មិនមានការចោទប្រកាន់ ឬកាត់ទោសលោកស្រីលើករណីនេះឡើយ។ ដោយឡែកសម្រាប់ជីវិតគូស្វាមីភរិយារបស់លោកស្រី ក៏ធ្លាប់ប្រឈមមុខនឹងរឿងអាស្រូវមួយចំនួនដូចជា ការពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទរវាង លោកប៊ីលគ្លីនតុន ជាមួយនាង មូនីកា លីវីនស្គី និងស្ត្រីផ្សេងទៀតផងដែរ។
* តួនាទីជាស្ត្រីទីមួយ
លោកស្រី Hillary Clinton ទទួលបានការចាប់អារម្មណ៍ជាខ្លាំងជាលើកដំបូង បន្ទាប់ពីស្វាមីរបស់លោកស្រីជាប់ឈ្មោះជាបេក្ខជនប្រធានាធិបតី ដំណាងបក្សប្រជាធិបតេយ្យក្នុងឆ្នាំ១៩៩២។ ក្នុងគ្រានោះដែរ កាសែត Tabloid បានសរសេរពីទំនាក់ទំនងលួចលាក់របស់លោក Bill Clinton ជាមួយតារាចម្រៀងម្នាក់ដែលមានឈ្មោះថា Gennifer Flowers។ យ៉ាងនេះក្តី លោកស្រីបានតាំងចិត្តថា នឹងមិនបានបណ្តោយខ្លួនក្លាយជាស្ត្រីមេផ្ទះ សម្រាប់តែចម្អិនអាហារ ឬអង្គុយស្រក់ទឹកភ្នែកឡើយ។ នៅពេលលោក ប៊ីល គ្លីនតុន ជាប់ឆ្នោតកា្លយជាប្រធានាធិបតីក្នុងឆ្នាំ១៩៩៣ ពេលនោះហើយដែលលោកស្រីបានក្លាយជាស្ត្រីទីមួយ។ នាងជាស្រ្តីទីមួយក្នុងដំណែងនេះ ដែលបញ្ជប់ការសិក្សាជាន់ខ្ពស់ និងមានការងារប្រកបជំនាញខ្ពស់ច្បាស់លាស់ មុនពេលឈានជើងចូលក្នុងសេតវិមាន។ លោកស្រីក៏ជាមនុស្សទីមួយក្នុងនាមជា First Lady ដែលមានការិយាល័យនៅ West Wing របស់សេតវិមានផងដែរ ដោយជាធម្មតា First Lady មានការិយាល័យតែនៅ East Wing តែប៉ុណ្ណោះ។
បន្ទាប់ពីលោកស្រី Eleanor Roosevelt លោកស្រី គ្លីនតុន ជាមនុស្សបន្ទាប់ដែលមានអំណាចទូលំទូលាយជាងគេ ក្នុងនាមជាភរិយាប្រធានាធិបតីក្នុងប្រវត្តិសាស្ត្រអាមេរិក។ យ៉ាងនេះក្តី អ្នករិះគន់មួយចំនួនបានគិតថា វាជារឿងមិនសាកសមសម្រាប់ស្ត្រីទីមួយ ក្នុងការកាន់អំណាចស្នូលលើបញ្ហានយោបាយសាធារណៈ។ ចំណែកបណ្តាអ្នកគាំទ្របានចង្អុលបង្ហាញថា តួនាទីរបស់លោកស្រី Clinton ក្នុងបញ្ហានយោបាយ មិនខុសពីអ្នកប្រឹក្សាផ្សេងទៀតនៅសេតវិមាន ហើយអ្នកបោះឆ្នោត ក៏បានដឹងច្បាស់ថាលោកស្រីប្រាកដណាស់ថា នឹងដើរតួនាទីយ៉ាងសកម្មក្នុងមានជាភរិយាប្រធានាធិបតី។ ក្នុងពេលឃោសនាបោះឆ្នោតលោក ប៊ីល គ្លីនតុន បានលើកឡើងនូវប្រយោគមួយឃ្លាថា «ចំណាយថ្លៃតែមួយទទួលបានវត្ថុពីរ» ដែលចង់មានន័យថាបើបោះឆ្នោតឲ្យលោក នោះលោកស្រីគ្លីនតុន ក៏នឹងចូលរួមជួយដល់កិច្ចការងារប្រទេសជាតិផងដែរ។ រហូតដល់ក្រុមប្រឆាំងចាត់ទុកលោកស្រីគ្លីនតុនថាជា "co-presidents" ថែមទៀតផង។
* ការឈរឈ្មោះបោះឆ្នោតជាសមាជិកសភាឆ្នាំ២០០០
ក្នុងឆ្នាំ២០០០ លោកស្រី បានជាប់ឆ្នោតជាសមាជិកសភាស្ត្រីទីមួយដំណាងទីក្រុងញ៉ូវយក ហើយមានលោកស្រីតែប៉ុណ្ណោះដែលមាននាទីជាស្ត្រីទីមួយ ហើយឈរឈ្មោះបោះឆ្នោតក្នុងសភា។ បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លោកស្រីបានបោះឆ្នោតសម្រេច ក្នុងការធ្វើសង្គ្រាមក្នុងប្រទេសអាហ្គានីស្ថាន។ លោកស្រីក៏បានចូលរួមបោះឆ្នោតសម្រាប់ដំណោះស្រាយក្នុងបញ្ហានៅអ៉ីរ៉ាក់ ដែលក្រោយមកលោកស្រីបែរជាមានភាពសោកស្តាយលើបញ្ហានេះទៅវិញ ព្រមទាំងព្យាយាមស្វែងរកមធ្យោបាយដើម្បីដកទ័ពចេញពីប្រទេសអ៉ីរ៉ាក់។ មិនតែប៉ុណ្ណោះលោកស្រី ក៏បានប្រឆាំងចំពោះការបង្កើនចំនួនទ័ពនៅក្នុងសង្គ្រាមនៅអ៉ីរ៉ាក់ ក្នុងឆ្នាំ២០០៧ផងដែរ។
លោកស្រីបានបោះឆ្នោតប្រឆាំងការកាត់ពន្ធក្នុងឆ្នាំ២០០១ និងឆ្នាំ២០០៣ បោះឆ្នោតប្រឆាំងមិនឲ្យលោក John Robert និងលោក Samuel Alito ធ្វើជាតុលាការកំពូលរបស់សហរដ្ឋអាម៉េរិក និងបោះឆ្នោតប្រឆាំងការអនុម័តច្បាប់ក្នុងសភាផងដែរ។ ក្នុងឆ្នាំ២០០៦ លោកស្រីត្រូវបានជាប់ឆ្នោតជាសមាជិកសភាសាជាថ្មី។ ក្នុងឆ្នាំ២០០៨ លោកស្រីបានឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។
* យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០០៨
ការពិតទៅលោកស្រីបានត្រៀមរៀបចំដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីដ៏មានប្រជាប្រិយភាព ចាប់តាំងពីតាំងពីដើមឆ្នាំ២០០៣ មកម្ល៉េះ។ ក្នុងឆ្នាំ២០០៧ លោកស្រីបានប្រកាសក្នុងគេហទំព័របស់ខ្លួនថា «ខ្ញុំកំពុងតែត្រៀមខ្លួនដើម្បីទទួលបានភាពជោគជ័យ»។ សូមបញ្ជាក់ថា ក្នុងប្រវត្តិសាស្ត្រអាមេរិក មិនធ្លាប់មានស្ត្រីណាម្នាក់ដែលត្រូវបានតែងតាំង ដោយសម្លេងភាគច្រើនដើម្បីក្លាយជាបេក្ខជនប្រធានាធិបតី ក៏មិនធ្លាប់មាន First Lady ណាដែលធ្លាប់ឈរឈ្មោះជាប្រធានាធិបតីដែរ គឺមានតែលោកស្រីគ្លីនតុនប៉ុណ្ណោះ។
គ្រួសារអតីតប្រធានាធិបតីមួយនេះ ធ្លាប់រកបានចំណូលដល់ ១០០លានដុល្លារ ចាប់តាំងពីឆ្នាំ២០០០មក ដោយប្រាក់ចំណូលភាគច្រើនបានពីការលក់សៀវភៅរបស់លោក គ្លីនតុន ការចូលនិយាយក្នុងកម្មវិធីនានា និងសកម្មភាពផ្សេងៗ។ ក្នុងពាក់កណ្តាលឆ្នាំ២០០៧ លោកស្រីគ្លីនតុន បានធ្វើការប្រកួតប្រជែងដើម្បីក្លាយជាបេក្ខជនប្រធានាធិបតី ក្នុងបក្សប្រជាធិបតេយ្យ ដោយក្នុងនោះសមាជិកសភា បារ៉ាក់អូបាម៉ា និងអតីតសមាជិកសភា John Edwards ជាដៃគូប្រជែងដ៏សំខាន់របស់ខ្លួន។ ការគំរាមកំហែងដ៏ធំបំផុត គឺលោកស្រីធ្លាប់គាំទ្រការធ្វើសង្គ្រាមនៅអ៉ីរ៉ាក់ ដែលចំណុចនេះលោក អូបាម៉ា លើកយកមកវាយប្រហារលោកស្រីតាំងពីការចាប់ផ្តើមមកម្ល៉េះ។
ការពិតទៅក្នុងព្រឹត្តិការណ៍នេះ លោកស្រីទទួលបានសម្លេងគាំទ្រខ្ពស់ជាងបេក្ខភាពជាស្ត្រីផ្សេងៗទៀតពីមុនមក។ យ៉ាងនេះក្តីលោកស្រីមិនអាចទទួលបានជោគជ័យ ក្នុងការតែងតាំងជាបេក្ខជនប្រធានាធិបតី សម្រាប់បក្សប្រជាធិបតេយ្យឡើយ ដោយដំណែងនេះបានធ្លាក់ទៅលើដៃលោក អូបាម៉ា។
* ដំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក
នៅពាក់កណ្តាលឆ្នាំ២០០៨ ប្រធានាធិបតីទើបជាប់ឆ្នោតលោកអូបាម៉ា បានពិភាក្សាជាមួយលោកស្រី ក្នុងគោលដៅចង់បានលោកស្រីធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងអាណត្តិរបស់លោក។ ដំបូងឡើយស្ត្រីដែលធ្លាប់ជាដៃគូប្រកួតប្រជែងរូបនេះ ហាក់មានការស្ទាក់ស្ទើរជាខ្លាំង ប៉ុន្តែនៅថ្ងៃទី២០ ខែវិច្ឆិកា លោកស្រី បានប្រាប់លោកអូបាម៉ាថា ទទួលតួនាទីនេះ។ នៅថ្ងៃទី០១ ខែធ្នូ ប្រធានាធិបតីអូបាម៉ា បានប្រកាសជាផ្លូវការថា លោកស្រី គ្លីនតុន ក្លាយជាជម្រើសសម្រាប់លោក ក្នុងតំណែងរដ្ឋមន្ត្រីការបរទេស។ លោកស្រីបញ្ជាក់ថាមិនចង់ចាកចេញពីដំណែងជាសភាឡើយ តែដំណែងថ្មីនេះវាមានការលំបាក និងការផ្សេងព្រេងដ៏គួរឲ្យចាប់អារម្មណ៍។ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០០៩ លោកស្រី បានស្បថចូលកាន់ដំណែងជារដ្ឋមន្ត្រីការបរទេស និងលាលែងពីដំណែងជាសមាជិកសភាក្នុងថ្ងៃតែមួយតែម្តង។ ហេតុនេះលោកស្រីបានក្លាយជាអតីត First Lady ដែលបម្រើការងារក្នុងគណៈរដ្ឋមន្ត្រីរបស់អាមេរិក។
ក្នុងនាមជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក អូបាម៉ា ចាប់ពីឆ្នាំ២០០៩-២០១៣ លោកស្រីបានស្វែងរកដំណោះស្រាយឆ្លើយតបនឹងការធ្វើបដិវត្តន៍ផ្កាម្លិះ លោកស្រីក៏ជាអ្នកជួយដល់បញ្ហាការអន្តរាគមន៍យោធាអាម៉េរិក នៅក្នុងប្រទេសលីប៊ី និងបញ្ហាផ្សេងទៀតជាច្រើន។
* រឿងអាស្រូវបញ្ហា Email
រឿងអាស្រូវនេះបានកើតឡើង កាលពីខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ បន្ទាប់ពីភ្នាក់ងារស៊ើបអង្កេត Inspector General ការរកឃើញថា លោកស្រីមានប្រើប្រាស់ Email ដាច់ដោយឡែកជាលក្ខណៈឯកជន ដោយមិនពាក់ព័ន្ធនឹងបញ្ហារដ្ឋាភិបាល។ ក្រុមអ្នកជំនាញ មន្ត្រី សមាជិកសភា និងបក្សប្រឆាំង បានលើកឡើងថា ប្រព័ន្ធសារឯកជននេះជាការបំពានដល់គោលការណ៍ដំណើរច្បាប់សហព័ន្ធ និងបទវិន័យរបស់រដ្ឋាភិបាល។ បញ្ហានេះបានក្លាយជារឿងរ៉ាវនៅពីក្រោយយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ និងបើកសវនាការក្នុងទីក្រុង Benghazi។
* គំនិតនយោបាយ
លោកស្រីបានទទួលយកការគំនិតរបស់អ្នកវិទ្យាសាស្ត្រ ពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ គាំទ្រគោលនយោបាយ Cap and Trade (ជាគោលនយោបាយមួយដែលផ្តល់ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវការកាត់បន្ថយការបំពុលបរិយាកាស)។ លោកស្រី គាំទ្រការផ្តល់ប្រាក់កម្រៃស្មើគ្នារវាងបុរស និងស្ត្រី។ លោកស្រីផ្តោតការយកចិត្តទុកដាក់លើបញ្ហាគ្រួសាររបស់ប្រជាពលរដ្ឋ ការថែទាំសុខភាព។ លោកស្រីគាំទ្រការរៀបការរវាងភេទដូចគ្នា។ លោកស្រីជាអ្នកគាំទ្រការទម្លាក់គ្រាប់បែកក្នុងប្រទេសយូហ្គោស្លាវីកាល ពីឆ្នាំ១៩៩៩ សកម្មភាពឈ្លានពានដោយយោធាក្នុងប្រទេសលីប៊ី ដើម្បីកម្ចាត់មេដឹកនាំហ្គាដាហ្វីកាលពីឆ្នាំ២០១១ ។ មិនតែប៉ុណ្ណោះលោកស្រី ក៏មានបំណងចង់ថែរក្សាឥទ្ធិពលអាមេរិក នៅក្នុងតំបន់មជ្ឈឹមបូព៌ាផងដែរ។ ស្ត្រីជើងខ្លាំងរូបនេះបានបង្ហាញការប្រឆាំង និងរិះគន់លោកត្រាំ ដែលបានហាមឃាត់ពួកម៉ូស្លីម មិនឲ្យរស់នៅក្នុងដែនដីសហរដ្ឋអាមេរិក។
* យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៦
កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៥ ស្ត្រីដ៏មានឥទ្ធិពលរូបនេះបានប្រកាសពីបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦។ អ្វីដែលត្រូវការសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ត្រូវបានរៀបចំរួចរាល់ជាស្រេចសម្រាប់គ្រប់វ័យ។ ការិយាល័យឃោសនាត្រូវបានជ្រើសតាំងក្នុងទីក្រុងញ៉ូវយក។ ក្នុងយុទ្ធនាការនេះលោកស្រី បានលើកឡើងនូវគោលនយោបាយមួយចំនួនដូចជា បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋឋានៈមធ្យម បង្កើតប្រព័ន្ធ Universal preschool ( ជាចលនាអន្តរជាតិដែលប្រើប្រាស់មូលនីធិសាធារណៈ ក្នុងគោលដៅជម្រុញគុណភាពអប់រំថ្នាក់បឋម) ជម្រុញសិស្សានុសិស្សឲ្យមានលទ្ធភាពចូលរៀនថ្នាក់មធ្យម បង្កើនការថែរក្សាសុខភាព។
ថ្មីៗនេះប្រជាប្រិយភាពរបស់លោកស្រីហាក់មានការធ្លាក់ចុះបន្តិច បន្ទាប់ពីមានព័ត៌មានបង្ហាញថាលោកស្រីមានបញ្ហាសុខភាព និងអាស្រូវអ៉ឺម៉ែល៕
ប្រែសម្រួល និងបកប្រែដោយ៖ អ៉ិត ចណ្ណា