(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បាននិយាយនៅថ្ងៃអាទិត្យ ទី១១ ខែឧសភា ថា ប្រទេសអ៊ីស្រាអែលគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ជំនួយនៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការបញ្ជាក់ជំហរនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ ថ្មីៗនេះ បានរំលឹកជាថ្មីពីការសន្យារបស់សហរដ្ឋអាមេរិកក្នុងការជួយផ្តល់ស្បៀងអាហារដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ កាលពីថ្ងៃសុក្រ បេសកជនរបស់ក្រុងវ៉ាស៊ីនតោនប្រចាំនៅអ៊ីស្រាអែល ក៏បានលើកឡើងដែរថា យន្តការដែលគាំទ្រដោយសហរដ្ឋអាមេរិកសម្រាប់ការបញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សា គួរតែអាចដំណើរការបានក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ការសម្របសម្រួលផ្ដល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា គឺជាប្រធានបទដ៏សំខាន់មួយនៅក្នុងកិច្ចពិភាក្សាការទូត ពាក់ព័ន្ធនឹងជម្លោះដែលកំពុងបន្តនៅក្នុងតំបន់៕