(អ៉ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្រ្តីនៃប្រទេសប៉ាគីស្ថាន លោក Shehbaz Sharif នាថ្ងៃសៅរ៍នេះ បានកោះប្រជុំអាជ្ញាធរ National Command Authority បន្ទាប់ពីទីក្រុងអ៉ីស្លាម៉ាបាដ បានបើកប្រតិបត្តិការយោធាជាផ្លូវការប្រឆាំងឥណ្ឌា ដោយកំណតគោលដៅ​លើមូលដ្ឋានជាច្រើនកន្លែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អាជ្ញាធរខាងលើ គឺជាស្ថាប័នកំពូលនៃក្រុមមន្រ្តីស៉ីវិលនិងយោធា ដែលទទួលបន្ទុកលើការសម្រេចចិត្តផ្សេងៗអំពីបញ្ហាសន្តិសុខជាតិ ក្នុងនោះរួមមានទាំងការសម្រេចចិត្តពាក់ព័ន្ធនឹង​ អាវុធនុយក្លេអ៊ែររបស់ប្រទេសប៉ាគីស្ថាន។ យោធាប៉ាគីស្ថាន បាននិយាយថា ខ្លួនបានបើកប្រតិបត្តិការយោធាប្រឆាំងឥណ្ឌា បន្ទាប់ពីឥណ្ឌាបានបាញ់មីស៉ីលមកលើមូលដ្ឋានទ័ពរបស់ខ្លួន។ មិនខុសពីប៉ាគីស្ថាន ឥណ្ឌាក៏មានអាវុធនុយក្លេអ៊ែរនៅក្នុងដៃដូចគ្នាដែរ។ ប្រទេសទាំងពីរផលិតបានអាវុធនុយក្លេអ៊ែរ កាលពីទសវត្សរ៍ឆ្នាំ១៩៩០។

ភាពតានតឹងរវាងប៉ាគីស្ថាននិងឥណ្ឌា បានកើនឡើងកម្តៅកាន់តែខ្លាំង ក្នុងសប្តាហ៍នេះ បន្ទាប់ពីឥណ្ឌាបានបើកប្រតិបត្តិការយោធាតាមផ្លូវអាកាស ចូលក្នុងទឹកដីរបស់ប៉ាគីស្ថាន ដើម្បីកម្ទេចនូវអ្វីដែលខ្លួនហៅថា «ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករ» ហើយប៉ាគីស្ថានបានប្តេជ្ញាសងសឹកវិញ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់ឥណ្ឌាលើប៉ាគីស្ថាន កាលពីថ្ងៃពុធសប្តាហ៍នេះ ជាការសងសឹកសម្រាប់ករណីបាញ់រះដ៏ប្រល័យ លើក្រុមអ្នកទេសចរហិណ្ឌូ នៅតំបន់ Kashmir ប៉ែកគ្រប់គ្រងដោយឥណ្ឌា កាលពីខែមេសាកន្លងទៅ។ ឥណ្ឌាបានចោទប្រកាន់ថា ប៉ាគីស្ថានមានជាប់ពាក់ព័ន្ធក្នុងករណីនោះ។ ចាប់តាំងពីថ្ងៃពុធមក ប្រទេសទាំងពីរ បានប៉ះទង្គិចអាវុធនៅព្រំដែនរៀងរាល់ថ្ងៃ ហើយបានបញ្ជូនដ្រូនក៏ដូចជាមីស៉ីលទៅវិញទៅមក ចូលដែនអាកាសរបស់ភាគីម្ខាងៗ។ បើតាមការប៉ាន់ស្មាន មនុស្សយ៉ាងហោច៤៨នាក់ បានស្លាប់ ចាប់តាំងពីការប៉ះទង្គិចគ្នាបានផ្ទុះឡើង កាលពីថ្ងៃពុធ៕