(វ៉ាស៊ីនតោន)៖ ការវាយប្រហារដាក់គ្នាទៅវិញទៅមករវាងប៉ាគីស្ថាន និងឥណ្ឌា នៅក្នុងសប្ដាហ៍នេះគឺជាជម្លោះដ៏ក្ដៅគគុកបំផុតមួយរវាងប្រទេសជិតខាងជាគូសត្រូវនឹងគ្នាទាំង២ ក្នុងពេលជាច្រើនទសវត្សរ៍មកនេះ ហើយមានមនុស្សជាច្រើនកំពុងទន្ទឹងរង់ចាំមើលថាតើនឹងមានអ្វីកើតឡើងតទៅទៀត? ទោះបីជាបានសន្យាសងសឹកទៅនឹងការវាយប្រហាររបស់ឥណ្ឌាលើទឹកដីរបស់ខ្លួនក៏ដោយ តែប៉ាគីស្ថាននៅមិនទាន់សងសឹក ក្នុងទ្រង់ទ្រាយប្រហាក់ប្រហែល ឬខ្លាំងជាងការវាយប្រហាររបស់ឥណ្ឌានៅឡើយទេ។ មិនតែប៉ុណ្ណោះភាគីទាំង២ ហាក់ដូចជាបានអះអាងរួចទៅហើយនូវជ័យជម្នះរៀងៗខ្លួន ខណៈការសងសឹកដាក់គ្នានៅតែបន្ត កើតឡើង។

ភាពភ័យខ្លាចបានផ្ទុះឡើងនៅទូទាំងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីទីក្រុងញូវដែលីបើកការវាយប្រហារតាមផ្លូវអាកាសលើទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរប៉ែកគ្រប់គ្រងដោយប៉ាគីស្ថាន ជាការសងសឹកទៅនឹង ការវាយប្រហារលើភ្ញៀវទេសចរក្នុងតំបន់កាស្មៀរផ្នែកខាងគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា ដោយបានសម្លាប់មនុស្ស ២៦នាក់។ ឥណ្ឌាបានចោទប៉ាគីស្ថានថាជាអ្នកគាំទ្រពីក្រោយការវាយប្រហារនេះ តែខាងទីក្រុងអ៉ីស្លាម៉ាបាដបានច្រានចោលការចោទប្រកាន់នេះ។ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ប៉ាគីស្ថានបានអះអាងថាខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់ឥណ្ឌា ២៥គ្រឿង នៅទូទាំងប្រទេស និងចាត់ទុកថានេះ ជាទង្វើបង្ករឿងធ្ងន់ធ្ងរពីសំណាក់ទីក្រុងញូវដែលីដែលបានសម្លាប់ជនស៊ីវិលម្នាក់ និងធ្វើឱ្យទាហាន ៤នាក់រងរបួស។ ពីខាងប៉ាគីស្ថានដែរ នាយករដ្ឋមន្ត្រី លោក Shehbaz Sharif បានប្រកាសថានឹងសងសឹកឱ្យ វិញ្ញាណក្ខន្ធមនុស្ស ៣១នាក់ដែលបានស្លាប់នៅក្នុងការវាយប្រហាររបស់ឥណ្ឌា។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកហាក់បានប្រកាសពីជ័យជម្នះរួចទៅហើយក្នុងការបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌា។ ឥណ្ឌាវិញ បាននិយាយថាការវាយប្រហាររបស់ខ្លួនមានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធចំនួន២ គឺ Lashkar-e-Tayyiba និង Jaish-e-Mohammed ដែលញូវដែលីចោទថាជាអ្នកនៅពីក្រោយ ការវាយប្រហារកាលពីថ្ងៃទី២២ ខែមេសា។

តាមទីក្រុងញូវដែលីការវាយប្រហាររបស់យោធាឥណ្ឌាមិនបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធា ឬក៏បានសម្លាប់ជនស៊ីវិលប៉ាគីស្ថាននោះទេ ដែលនេះត្រូវបានគេមើលឃើញថាហាក់ទុកឱកាសឱ្យឥណ្ឌា និងប៉ាគីស្ថានដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមពេញទំហឹងមួយផ្ទុះឡើង។ លោក Michael Kugelman ជាអ្នកវិភាគម្នាក់ខាងកិច្ចការអាស៊ីខាងត្បូង បាននិយាយថា «ឥលូវ អ្នកផងទាំងពួងកំពុងសម្លឹងទៅកាន់ប៉ាគីស្ថាន។ ប្រសិនបើប៉ាគីស្ថានសម្រេចចិត្តថាត្រូវរក្សាមុខមាត់ ហើយអះអាងពីជ័យជម្នះតាមរយៈការបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌា (ញូវដែលីមិនទាន់ទទួលស្គាល់) ឬក៏យល់ថាវាល្មមគ្រប់គ្រាន់ហើយ នោះវាអាចនឹងមាន ច្រកចេញពីភាពតានតឹង»។ ប៉ុន្តែ លោកបានព្រមានថាការរំពឹងទុកទាំងនេះអាចនឹងរលាយបាត់ បើប៉ាគីស្ថានសងសឹកក្នុងទ្រង់ទ្រាយធំណាមួយលើឥណ្ឌា។

* មានរបស់ជាច្រើនអាចនឹងបាត់បង់
ក្រុមអ្នកវិភាគភាគច្រើនបានយល់ស្របថាសង្រ្គាមពេញទំហឹងមួយរវាងឥណ្ឌា និងប៉ាគីស្ថានទំនងជានឹងមិនផ្ទុះឡើងនោះទេ។ ឥណ្ឌា និងប៉ាគីស្ថានបានធ្វើសង្រ្គាមនឹងគ្នាចំនួន៣លើកមកហើយជុំវិញតំបន់កាស្មៀរ ជា តំបន់ជម្លោះមួយដែលភាគីទាំង២កំពុងគ្រប់គ្រងម្នាក់មួយចំហៀង និងទាមទារគ្រប់គ្រងទាំងស្រុងរៀងៗខ្លួន។ សង្គ្រាមថ្មីណាមួយរវាងប្រទេសទាំង២ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរនឹងបង្កទៅជាផលវិបាក ដ៏មហន្តរាយ។ ប៉ាគីស្ថានសព្វថ្ងៃដែលមានប្រជាជន ២៣០លាននាក់ បាន និងកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើនមានចាប់ពីនយោបាយ ការបះបោររបស់ក្រុមសកម្មប្រយុទ្ធ ការប្រែប្រួលអាកាសធាតុ រហូតដល់ វិបត្តិសេដ្ឋកិច្ច។ ចំណែក ឥណ្ឌាវិញត្រូវបានគេមើលឃើញថាកំពុងស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ ដោយមានប្រៀបនៅក្នុងសង្រ្គាមធម្មតា (មិនមែននុយក្លេអ៊ែរ) ផ្អែកលើចំនួនកងទ័ព និងមានសេដ្ឋកិច្ចធំជាង ប៉ាគីស្ថានដល់ទៅ១០ដង។ ក៏ប៉ុន្តែបើសង្រ្គាមពេញទំហឹងមួយផ្ទុះឡើង ឥណ្ឌា អាចនឹងមានរបស់ជាច្រើនត្រូវបាត់បង់។ នេះបើតាមលោកស្រី Tanvi Madan ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីកម្មវិធីគោលនយោបាយ ការបរទេសនៃស្ថាប័ន Brookings Institution មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។ លោកស្រី Madan បន្តថា «ផ្អែកលើមូលដ្ឋាននូវអ្វីដែលយើងបានឃើញនាពេលកន្លងមក ឥណ្ឌា និងប៉ាគីស្ថានជាតួអង្គ ប្រកបដោយហេតុផលដែលមិនចង់ឃើញសង្រ្គាមពេញទំហឹងមួយផ្ទុះឡើងនោះឡើយ»។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសន្យាថានឹងលើកមុខមាត់របស់ឥណ្ឌានៅលើឆាកអន្តរជាតិ កំពុងប្រជែងយកសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិក និងប្រឹងប្រែងដើម្បីវ៉ាឱ្យដាច់ចិនកា្លយជា រោងចក្ររបស់ពិភពលោក។ តែឥណ្ឌាបានប្រឈមមុខរួចទៅហើយនឹងការគំរាមកំហែងសន្តិសុខមកពីច្រើនទិស ជាពិសេសនៅតាមបណ្ដោយតំបន់ព្រំដែនជាមួយចិន។

* ដូច្នេះតើត្រូវបន្ធូរបន្ថយ ឬបង្កើនជម្លោះ?
ឥណ្ឌាបានចេញមុខបកស្រាយភ្លាមៗថាការវាយប្រហាររបស់ខ្លួនធ្វើឡើងជាការសងសឹកទៅនឹងការសម្លាប់រង្គាលកាលពីថ្ងៃទី២២ ខែមេសា ដោយផ្តោតលើវិធានការមិនបង្កើនជម្លោះ ហើយធ្វើឱ្យប្រាកដថាពួកគេពិត ជាសងសឹកទៅនឹងការសម្លាប់រង្គាលនេះមែន។ តាមលោកស្រី Nisha Biswal ជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់មកពីស្ថាប័ន Asia Group ក្រុមមន្ត្រីកំពូលៗក្នុងទីក្រុងញូវដែលីបានធ្វើការទំនាក់ទំនងទៅកាន់សមភាគី សំខាន់ៗរបស់ខ្លួនក្នុងសហរដ្ឋអាមេរិក មជ្ឈិមបូព៌ា រុស្ស៉ី និងប្រទេសជាច្រើនទៀត ដោយទំនងជាចង់បញ្ចុះបញ្ចូលឱ្យអន្តរជាតិដាក់សម្ពាធលើប៉ាគីស្ថាន ដើម្បីបញ្ចៀសកុំឱ្យជម្លោះរាលដាលកាន់តែធំ។ មេដឹកនាំប៉ាគីស្ថានបានអះអាងពីជ័យជម្នះតាមរយៈកងទ័ពអាកាសដែលបាននិយាយថាខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌា ៥គ្រឿង ក្នុងរយៈពេល១ម៉ោង នៃការវាយប្រយុទ្ធគ្នានៅរយៈចម្ងាយ ១៦០គីឡូម៉ែត្រ។ មេដឹកនាំឥណ្ឌាមិនបាននិយាយច្រើនឆ្លើយតបទៅនឹងការអះអាងរបស់ប៉ាគីស្ថានទេ ហើយក៏មិនបានទទួលស្គាល់ថាយន្ដហោះចម្បាំងរបស់ខ្លួនត្រូវបានបាញ់ទម្លាក់នោះដែរ។

ប៉ាគីស្ថានមិនទាន់បង្ហាញភស្តុតាងថាពួកគេពិតជាបានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌានៅឡើយទេ ប៉ុន្តែប្រភពមួយពីក្រសួងការពារជាតិបារាំងបាននិយាយថាយ៉ាងហោចមានយន្ដហោះចម្បាំងថ្មីសន្លាង និងទំនើប បំផុតមួយរបស់ឥណ្ឌា នោះគឺយន្ដហោះចម្បាំង Rafale ផលិតដោយបារាំងបានបាត់បង់នៅក្នុងការវាយប្រយុទ្ធគ្នា។ ​«ប្រសិនបើនេះពិតជាការបាត់បង់មួយសម្រាប់ឥណ្ឌាពិតមែន នោះប៉ាគីស្ថានអាចថាវាជាជ័យជម្នះ ហើយអនុញ្ញាតឱ្យប៉ាគីស្ថាននិយាយថាខ្លួនបានផ្ដល់មេរៀនឱ្យយោធាឥណ្ឌារងការខាតបង់»។

តាមលោក Kugelman សហរដ្ឋអាមេរិកដែលធ្លាប់សម្របសម្រួលជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថានកន្លងមក អាចនឹងព្យាយាមបញ្ចុះកម្ដៅនៃភាពតានតឹង តែវាមិនច្បាស់ថាតើរដ្ឋបាលលោក ត្រាំ មានឆន្ទៈកម្រិតណា ក្នុងការធ្វើអន្តរាគមន៍ជួយផ្សះផ្សារឡើយ? «ចិនបានអំពាវនាវឱ្យភាគីទាំងសងខាងអត់ធ្មត់ និងបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែដោយសារមានទំនាក់ទំនងមិនសូវល្អជាមួយឥណ្ឌា ចិនទំនងជាមិនមែនជា អ្នកសម្របសម្រួលដ៏រស់រវើកមួយទេ»។ នេះជាការគូសបញ្ជាក់របស់លោក Kugelman ដោយបន្ថែមថាប្រទេសដែលស័ក្តិសមធ្វើជាអ្នកសម្របសម្រួលជាពិសេសគឺកាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ ដ្បិត ប្រទេសទាំងអស់នេះមានទំនាក់ទំនងល្អទាំងជាមួយឥណ្ឌា និងប៉ាគីស្ថាន។

គួរបញ្ជាក់ថា ខណៈក្រុមអ្នកវិភាគដូចជាលោក Kugelman ជឿថាវានៅតែមានច្រកចេញពីជម្លោះសម្រាប់ឥណ្ឌា និងប៉ាគីស្ថាន ក៏ពួកគេយល់ស្របដែរថាស្ថានការណ៍សព្វថ្ងៃនៅតែអាចប្រែប្រួលទៅជាកាន់តែអាក្រក់ គ្រប់ពេលវេលា។ ពីព្រោះវិបត្តិនេះមិនអាចព្យាករបានទេ និងមានគ្រោះថ្នាក់បំផុត ហើយមានបញ្ហាគួបផ្សំជាច្រើនដែលមិនងាយនឹងដោះស្រាយបានឡើយ៕