(ហ្សាកាតា)៖ ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ី លោក Joko Widodo បានបង្ខំចិត្តផ្អាកដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលីហើយ នៅថ្ងៃសៅរ៍នេះ ដោយសារការតវ៉ាក្នុងប្រទេសកំពុងតែក្តៅគគុក ពាក់ព័ន្ធនឹងអំពើហិង្សាដែលបានកើតមានឡើងអំឡុងពេលនៃការធ្វើបាតុកម្មដ៏ធំមួយនៅក្នុងទីក្រុងហ្សាកាតា នៅថ្ងៃសុក្រម្សិលមិញនេះ គឺមានអ្នកនយោបាយជាអ្នកនៅពីក្រោយខ្នង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីបានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដើម្បីពិភាក្សាអំពីការវិវត្តន៍នៃស្ថានភាពនៃការធ្វើបាតុកម្មទ្រង់ទ្រាយធំនេះ លោកប្រធានាធិបតីបានលើកឡើងថា «ពួកយើងគោរពគោលបំណងរបស់ប្រជាជនក្នុងការបង្កើតបាតុកម្មដ៏ធំនេះហើយអរគុណពួកគេដែលបានព្យាយាមរក្សាក្បួនបាតុកម្ម ឲ្យមានសណ្តាប់និងគ្មានអំពើហិង្សាកើតឡើងរហូតទាល់តែដល់ពេលព្រលប់ ប៉ុន្តែខ្ញុំពិតជាមានការសោកស្តាយយ៉ាងក្រៃលែងចំពោះអ្វីដែលបានកើតឡើងនាយប់មិញនេះ ហើយពួកយើងក៏បានដឹងថាមានអ្នកនយោបាយមួយចំនួនកំពុងតែឆ្លៀតឱកាសកេងចំណេញពីស្ថានការណ៍បច្ចុប្បន្ន»។
ជាមួយគ្នានេះដែរ លោក Joko Widodo បានអំពាវនាវឲ្យក្រុមអ្នកតវ៉ាទាំងអស់វិលត្រឡប់នៅកាន់កន្លែងដើមពួកគេរៀងៗខ្លួនវិញដោយសន្តិវិធី និងបានដាស់តឿនពួកគេកុំឲ្យធ្លាក់ចូលក្នុងការញុះញង់ទៀតឲ្យសោះ។
គួរបញ្ជាក់ដែរថា នៅថ្ងៃសុក្រម្សិលមិញនេះ ប្រជាជនឥណ្ឌូណេស៊ីប្រមាណ ៥,០០០នាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីហ្សាការតា ដើម្បីធ្វើការតវ៉ាទាមទារឲ្យមានការចាប់ខ្លួនអភិបាលនៃទីក្រុងនេះគឺលោក Basuki Tjahaja Purnama ដែលកាន់សាសនាគ្រិស្ត និងត្រូវបានចោទប្រកាន់ថាបានប្រមាថសាសនាអ៊ីស្លាម ហើយមកដល់យប់ថ្ងៃដដែលបាតុកម្មអហិង្សាមួយនេះ ក៏បានផ្ទុះជាអំពើហិង្សាកើតឡើងរវាងក្រុមអ្នកតវ៉ានិងកម្លាំងប៉ូលិស ដោយភាគីប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងក៏ដូចជាបាញ់ទឹកយ៉ាងខ្លាំងក្លា ទើបអាចបញ្ជប់ការប៉ះទង្គិចគ្នារាប់ម៉ោងនេះបាន៕