(អង់ការ៉ា)៖ អាជ្ញាធរតួកគីបានចេញបញ្ជាជាផ្លូវការឲ្យសមត្ថកិច្ចធ្វើការចាប់ខ្លួននាយកប្រតិបត្តិ និងអ្នកសារព័ត៌មានរបស់កាសែត Cumhuriyet សរុបចំនួន០៩រូប បន្ទាប់ពីបានឃាត់ខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការផ្សាយរបស់ Channel News Asia ដកស្រង់ពី Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
រដ្ឋាភិបាលតួកគីបានអះអាងថាកាសែតប្រឆាំងខាងលើនេះ មានទំនោរគាំទ្រទៅលើរដ្ឋប្រហារកាលពី ថ្ងៃទី១៥ ខែកក្កដា ហើយកន្លងមកតែងតែសរសេរប្រឆាំងនឹងរដ្ឋាភិបាល ហើយគាំទ្រសហរដ្ឋអាមេរិក។ ជុំវិញបញ្ហានេះដែរសហភាពអឺរ៉ុបធ្លាប់បានព្រមានម្តងរួចមកហើយថា ស្ថានការណ៍នៅក្នុងប្រទេសតួកគី វាបានដើររំលងខ្សែបន្ទាត់ក្រហមនៃសេរីភាពក្នុងការបញ្ចេញមតិទៅហើយ។
គួរបញ្ជាក់ថាសារព័ត៌មានអឺរ៉ុប នៅប៉ុន្មានថ្ងៃបន្ទាប់ពីការធ្វើរដ្ឋប្រហារបានចេញផ្សាយថា រដ្ឋប្រហារនៅក្នុងប្រទេសតួកគីនោះគ្រាន់តែជាឆាកល្ខោនរបស់ប្រធានាធិបតីលោក Erdogan តែប៉ុណ្ណោះក៏ព្រោះតែលោកចង់កាច់បំបាក់ដៃជើងដ៏គ្រោះថ្នាក់ ដែលកំពុងពង្រីកឥទ្ធិពលរបស់លោក Fethullah Gulen នៅពាសពេញប្រទេសតួកគី និងទុកនៅតែអ្នកដែលគាំទ្ររដ្ឋាភិបាលរបស់លោកតែប៉ុណ្ណោះ៕