(រីយ៉ូ)៖ តារាវិទូមួយក្រុមរបស់ប្រទេសប្រេស៊ីលបានរកឃើញភពថ្មីៗចំនួនពីរ ដែលកំពុងគោចរជុំវិញព្រះអាទិត្យមួយដែលមានលក្ខណៈស្រដៀងនឹងព្រះអាទិត្យរបស់ផែនដីយើងដែរមានឈ្មោះថា HIP 68468 ហើយភពទាំងនោះទីមួយត្រូវបានឲ្យឈ្មោះថា Super Neptune (ទំហំធំជាងភពណិបទូនបន្តិច) និងមួយទៀតមានឈ្មោះថា Super Earth (ទំហំធំជាងផែនដី)។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
វាជាលើកទីមួយហើយគិតចាប់តាំងពីឆ្នាំ២០១៥មក ដែលក្រុមតារាវិទូរបស់ប្រេស៊ីលរកឃើញភពថ្មីៗបន្ថែមទៀតដោយលើកមុនគេទើបរកឃើញភពមួយ ដែលមានលក្ខណៈដូចទៅនឹងភពព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយរបស់វែបសាយព័ត៌មានប្រេស៊ីល Brazil's G1។ ជុំវិញការរកឃើញនេះ សាស្ត្រាចារ្យនៃវិទ្យាស្ថានតារាសាស្ត្រទីក្រុងសៅប៉ូឡូ លោក Jorge Melendez បានអះអាងថា «គោលដៅរបស់ក្រុមយើងគឺការប្រៀបធៀបប្រព័ន្ធព្រះអាទិត្យរបស់យើង ជាមួយនឹងប្រព័ន្ធអាទិត្យផ្សេងទៀតនៅក្នុងកាឡាក់ស៊ីនេះ»។
គួរបញ្ជាក់ថាបរិស្ថានភពនៅក្នុងប្រព័ន្ធព្រះអាទិត្យ HIP 68468 គឺមានលក្ខណៈខុសពីបរិស្ថានភពនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់ផែនដីយើងណាស់ ដោយសារតែភពធំៗដែលគេរកឃើញនោះគឺធ្វើដំណើរគោចរកៀកខ្លាំងទៅនឹងផ្កាយរបស់ពួកវា។ សម្រាប់ភព Super Neptune ឬ HIP 68468c ដែលទើបរកឃើញនោះគឺមានទំហំធំជាងភពណិបទូនរបស់យើងរហូតដល់ទៅ៥០ភាគរយ ប៉ុន្តែវាធ្វើដំណើរកៀកនឹងព្រះអាទិត្យរបស់វាណាស់ គឺចម្ងាយប្រហែល៧០ភាគរយនៃគម្លាតពីផែនដីយើងទៅព្រះអាទិត្យតែប៉ុណ្ណោះ។
ដោយឡែកសម្រាប់ភព Super Earth ឬក៏ HIP 68468b មានគម្លាតពីផ្កាយរបស់វាតែចម្ងាយ ៣ភាគរយប៉ុណ្ណោះនៃគម្លាតរវាងផែនដីយើងនិងព្រះអាទិត្យ ដែលមើលទៅពិតជាកៀកខ្លាំងណាស់ ហើយអ្វីដែលប្រាកដនោះភពនេះប្រាកដជាគ្របដណ្តប់ដោយភ្នំភ្លើង ឬផ្ទៃស្រទាប់លើក្តៅខ្លាំងបំផុត។ ព្រះអាទិត្យ HIP 68468 មានអាយុ ៦ពាន់លានឆ្នាំនិងមានចម្ងាយ ៣០០ឆ្នាំពន្លឺពីភពផែនដី (មួយឆ្នាំពន្លឺ=៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ)៕