(វ៉ាស៊ីនតោន)៖ យន្តហោះយោធាអាមេរិកមួយគ្រឿងបានទម្លាក់​គ្រាប់បែក សម្រាប់ប្រើក្នុងការហ្វឹកហ្វឺន​​ចំនួន០៦គ្រាប់ និងមីស៊ីលចំនួនមួយគ្រាប់​ផ្សេងទៀត អំឡុងពេលហោះ​ហើរនៅលើតំបន់ Oscoda ក្នុងរដ្ឋ Michigan ភាគឦសានសហរដ្ឋអាមេរិក ប៉ុន្តែជាសំណាងល្អពុំមានមនុស្សបានទទួលរងរបួស​ឬបាត់បង់ជិវិតនោះឡើយហើយខណៈពេលនេះ មន្ត្រីយោធាកំពុងតែចោទ​ប្រកាន់ហេតុការណ៍នេះ​ថា​​បានបណ្តាល​មកពីកំហុសបច្ចេកទេស។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកវរសេនីយ៍ទោ Matthew Trumble មេបញ្ជាការក្នុង​បន្ទាយហ្វឹកហ្វឺនយោធា Camp Grayling បានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើត​ឡើងអំឡុងពេល​ដែលយន្តហោះទម្លាក់គ្រាប់បែក A-10 Thunderbolt មួយគ្រឿងកំពុងធ្វើដំណើរចាកចេញពីទីបញ្ជាការការពារដែនអាកាសជាតិ Selfridge នៃទីក្រុង Detroit ដោយដឹកជញ្ជូនសព្វាវុធមួយចំនួនរួមមានមីស៊ីល និងគ្រាប់បែក ស្ថិតនៅចម្ងាយប្រមាណជាង ៣០០គីឡូម៉ែត្រភាគពាយ័ព្យពីបន្ទាយ Camp Grayling ហើយលោកវរសេនីយ៍ Trumble បានចាត់ទុកហេតុការណ៍នេះថា ជារឿងដែលកម្រនឹងកើតមានបំផុតមួយ ព្រោះថាលោកពុំធ្លាប់​ជួបប្រទះនោះឡើយ ចាប់តាំងតែលោកបានចូលបម្រើជាតិអស់រយៈពេល២០ឆ្នាំមកនេះ។  

ជុំវិញរឿងនេះទីបញ្ជាការការពារជាតិនៃរដ្ឋ Michigan បានបញ្ជាក់ថាគ្រាប់បែកដែលប្រើសម្រាប់ការហ្វឹក​ហាត់ទាំង០៦គ្រាប់អាចបញ្ចេញផ្សែងបានដូច្នេះ​អាកាសយានិកអាចរកទីតាំង ដែលពួក​វាបានធ្លាក់ឃើញ ហើយមីស៊ីលមួយគ្រាប់ផ្សេងទៀតនោះ​មិនមានជាតិផ្ទុះនោះឡើយ។ ក្រោយមកទៀតមាន​សេចក្តី​រាយការណ៍ថា គ្រាប់បែកនិងមីស៊ីលទាំងនោះ​ត្រូវបានគេរកឃើញនៅតំបន់ Luzerne ភាគខាងត្បូងរដ្ឋ Michigan ដែលជាតំបន់ព្រៃដាច់ស្រយ៉ាល​និងមិនបានបណ្តាលឲ្យមានអ្នករងរបួស​ឬបាត់បង់ជីវិតអ្វីឡើយ៕