អ៉ីស្រាអែល គំរាមធ្វើដាក់អ៉ីរ៉ង់ ដូចធ្វើដាក់ក្រុមហាម៉ាស (Video inside)
08-05-2025 14:03
(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានគំរាមថាអ៉ីស្រាអែល នឹងធ្វើដាក់អ៉ីរ៉ង់នូវអ្វីដែលខ្លួនបានធ្វើ ចំពោះក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Katz គូសបញ្ជាក់ថា «ខ្ញុំសូមព្រមាន... មេដឹកនាំអ៉ីរ៉ង់ដែលជួយជាហិរញ្ញវត្ថុ និងអាវុធ ហើយប្រើប្រាស់អង្គការភេរវករហ៊ូទីថា តួអង្គតំណាង និងបណ្តាញដ៏អាក្រក់ តែត្រូវរលាយ។ អ្វីដែលយើងបានធ្វើ ចំពោះហេសបូឡានៅបេរូត ហាម៉ាសនៅហ្កាហ្សា ឥឡូវដល់ប្រធានាធិបតីស៉ីរី Bashar Assad ត្រូវបណ្តេញចេញពីអំណាចទៀត យើងនឹងធ្វើចំពោះអ្នកនៅតេហេរ៉ង់ ដូចគ្នានេះដែរ»។
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ូទីដែលមានអ៉ីរ៉ង់ជាសម្ព័ន្ធមិត្ត បានវាយប្រហារលើតំបន់ ក្បែរអាកាសយានដ្ឋានដ៏សំខាន់មួយ របស់អ៉ីស្រាអែល ហើយវាជាលើកដំបូងបំផុតដែលមីស៊ីលរបស់ក្រុមហ៊ូទី អាចគេចផុតពីប្រព័ន្ធខែលប្រឆាំងមីស៊ីលរបស់អ៉ីស្រាអែល ចាប់តាំងពីខែមីនាមក។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានព្រមានថានឹងសងសឹកវិញ៕