(ប៉េកាំង)៖ កាលពីថ្ងៃទី៦ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរជូនលោកFriedrich Merz ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសហព័ន្ធអាល្លឺម៉ង់។
លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងអាល្លឺម៉ង់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូត អស់រយៈពេល៥៣ឆ្នាំកន្លងមក ប្រទេសទាំងពីរបានប្រកាន់ខ្ជាប់នូវមាគ៌ា នៃការរួមរស់ជាមួយគ្នាដោយ គោរពគ្នា ជឿទុកចិត្តគ្នានិងសមភាព ហើយបានដើរតាមមាគ៌ាសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងអភិវឌ្ឍន៍រួម។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរ និងទីបីលើពិភពលោក និងជាប្រទេសធំដែលមានឥទ្ធិពលខ្លាំងលើពិភពលោក ប្រទេសចិន និងអាល្លឺម៉ង់គួរតែប្រកាន់ខ្ជាប់នូវភាពសច្ចយុត្តិធម៌ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នា ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជារួមគ្នាជំរុញពិភពលោកពហុប៉ូលដែលស្មើភាពគ្នា និងមានសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន។
ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-អាល្លឺម៉ង់ ហើយមានឆន្ទៈធ្វើការជាមួយលោក Friedrich Merz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ដើម្បីពង្រឹងការកសាងទំនុកចិត្តគ្នា ផ្នែកនយោបាយ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ក្នុងន័យត្រួសត្រាយនិម្មាបនកម្មថ្មី នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាល្លឺម៉ង់ ក៏ដូចជារួមគ្នាជំរុញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពពិភពលោក។
ថ្ងៃដដែល លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានផ្ញើសារអបអរសាទរជូនចំពោះលោក Merz ដែលបានជាប់ឆ្នោតជា នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ និងមានប្រសាសន៍ថា ចិន និងអាល្លឺម៉ង់ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការ ជាក់ស្តែងលើគ្រប់វិស័យរវាងភាគីទាំងពីរ ទទួលបានលទ្ធផលជាផ្លែផ្កា និងមានអនាគតនៃការអភិវឌ្ឍដ៏ទូលំទូលាយ៕