(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបង្ហាញពីក្តីព្រួយបារម្ភជាខ្លាំង ចំពោះការចាប់ឃុំខ្លួនសមាជិកសភា ចំនួន១១រូបរបស់គណបក្សដែលគាំទ្រជនជាតិឃើដដ៏ធំជាងគេដោយរដ្ឋាភិបាលនៃប្រទេសតួកគី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក John Kirbyបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថានៅក្នុងកិច្ចសន្ទនាជាមួយនិងអនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសតួកគីលោក Umit Yalcin អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Tony Blinken បានឆ្លៀតឱកាសលើកឡើងពីក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅពីសំណាក់ទីក្រុងវ៉ាស៊ីនតោនទៅកាន់ភាគីតួកគីជុំវិញថាសមាជិកសភានេះដោយបាននិយាយថា «នៅពេលដែលអ្នកដែលកាន់លទ្ធិប្រជាធិបតេយ្យប្រើប្រាស់ទង្វើស្របច្បាប់ប្រឆាំងនឹងតំណាងរាស្រ្តពួកគេចាំបាច់ត្រូវតែធ្វើដូច្នោះទៅតាមឥរិយាបថដែលពង្រឹងទំនុកចិត្តរបស់សាធារណជននៅក្នុងនីតិរដ្ឋ»។
គួរបញ្ជាក់ដែរថាមេដឹកនាំគណបក្សប្រជាធិតេយ្យប្រជាជន HDP ទាំងពីររូបគឺលោក Selahattin Demirtas និងលោក Figen Yuksekdag ព្រមទាំងសមាជិកសភា០៩រូបផ្សេងទៀតរបស់គណបក្សដែលគាំទ្រជនជាតិឃើដមួយនេះត្រូវបានកម្លាំងប៉ូលិសតួកគីចាប់ខ្លួននៅព្រឹកថ្ងៃសុក្រម្សិលមិញនេះ ពាក់ព័ន្ធនឹងការស៊ើបអង្កេតអំពើភេរវកម្ម។ ក្រោយការឃាត់ខ្លួននេះក៏បណ្តាលឲ្យមានការបំផ្ទុះគ្រាប់បែក នៅភាគខាងត្បូងតួកគី នាំឲ្យមនុស្សស្លាប់ និងរបួសជាង១០០នាក់ ហើយរដ្ឋាភិបាលតួកគីបានទម្លាក់កំហុសទាំងនេះទៅលើពួកពលករឃើដ PKK៕