(មូស្គូ)៖ នៅថ្ងៃពុធ ទី៧ ខែឧសភា ទីក្រុងមូស្គូបានអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថានបង្ហាញភាពអត់ធ្មត់ ក្រោយប្រទេសទាំងពីរ បានបាញ់ផ្លោងកាំភ្លើងធំខ្លាំងៗដាក់គ្នា ក្រោយការវាយប្រហារមីស៉ីលពីឥណ្ឌា ចូលក្នុងទឹកដីប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
វាគឺជាអំពើហិង្សាដ៏អាក្រក់បំផុត ក្នុងរយៈពេលប្រមាណ២ទសវត្សរ៍ រវាងប្រទេសជិតខាងទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរ។ ក្រសួងការបរទេសរុស្ស៉ី បានចេញសេចក្តីថ្លែងការណ៍ថា ទីក្រុងមូស្គូមានក្តីកង្វល់ជាខ្លាំង ដោយសារការកើនឡើងនៃការប្រឈមមុខផ្នែកយោធារវាងឥណ្ឌានិងប៉ាគីស្ថាន និងអំពាវនាវឱ្យភាគីទាំងពីរ រក្សាការអត់ធ្មត់ដើម្បីទប់ស្កាត់កុំឱ្យស្ថានការណ៍ កាន់តែដុនដាបធ្ងន់ថែមទៀត ហើយសង្ឃឹមថា ភាពតានតឹងនេះ នឹងអាចដោះស្រាយបានតាមរយៈមធ្យោបាយការទូត និងដោយសន្តិវិធី។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់ប៉ាគីស្ថាន ជនស៉ីវិលយ៉ាងហោច៣១នាក់ បានស្លាប់ ក្នុងការវាយប្រហារដោយមីស៉ីល និងកាំភ្លើងធំរបស់ឥណ្ឌា ខណៈឥណ្ឌាបានអះអាងថា នៅខាងខ្លួនក៏មានជនស៉ីវិលយ៉ាងហោច៧នាក់ ស្លាប់ផងដែរ ដោយសារការបាញ់កាំភ្លើងធំរបស់ប៉ាគីស្ថាន។ ឥណ្ឌាបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ដោយប្រើយន្តហោះចម្បាំង បានកំណត់គោលដៅលើទីតាំងពួកភេរវករ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ បានធ្វើសកម្មភាពបាញ់រះសម្លាប់ អ្នកទេសចរ២៦នាក់ កាលពីថ្ងៃទី២២ ខែមេសា នៅតំបន់ Kashmir ប៉ែកគ្រប់គ្រងដោយឥណ្ឌា។ ឥណ្ឌាបានចោទប្រកាន់ថា ប៉ាគីស្ថានមានជាប់ពាក់ព័ន្ធក្នុងករណីនោះ បើទោះបីជាទីក្រុងអ៉ីស្លាម៉ាបាដ បដិសេធយ៉ាងណាក៏ដោយ៕